វិស័យចិញ្ចឹមសត្វ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជា ហក់ឡើងខ្ពស់ ខណៈការផលិតក្នុងស្រុកអាចផ្គត់ផ្គង់ទីផ្សារបានប្រមាណ២០% ប៉ុណ្ណោះ


កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា កំពុងត្រូវប៉ាន់ ក្រោយតម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកហក់ឡើងខ្ពស់ បន្ទាប់ពីការនាំចូលពីថៃ មានការរាំងស្ទះ ក្រោយយោធាថៃបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយឯកតោភាគី។ បើតាមការអះអាងរបស់សហស្ថាបនិកកសិដ្ឋានគិរីសួគ៌ បច្ចុប្បន្នតម្រូវការប្រើប្រាស់ទឹកដោះគោស្រស់បានកើនលើសពីការផលិត ដែលធ្វើឱ្យការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកជួបបញ្ហាខ្វះខាត។
វិស័យចិញ្ចឹមសត្វ
ដោយ

បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗទាំង៤ របស់កម្ពុជា មានសមត្ថភាពផលិតទឹកដោះគោស្រស់បានប្រមាណ២ម៉ឺនលីត្រក្នុង១ថ្ងៃ ខណៈកម្ពុជា មានតម្រូវការទឹកគោស្រស់ប្រមាណ១០ម៉ឺនលីត្រក្នុង១ថ្ងៃ។

លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌ ដែលជាកសិដ្ឋានផលិតទឹកដោះគោស្រស់ដ៏ធំមួយនៅកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្រូវការប្រើប្រាស់ទឹកដោះគោស្រស់ផលិតក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈការផ្គត់ផ្គង់នៅលើទីផ្សារពុំទាន់បានគ្រប់គ្រាន់ទាំងស្រុងនោះទេ។ ទោះបីស្ថានភាពទីផ្សារអាចមានការប្រែប្រួលយ៉ាងណាក៏ដោយ តែអ្នកជំនាញរូបនេះលើកឡើងថា កសិដ្ឋានគិរីសួគ៌ នៅតែបន្តផលិតទឹកដោះគោស្រស់ឱ្យអស់ពីលទ្ធភាព ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។ បើតាមលោក ជី សិលា បច្ចុប្បន្នពលរដ្ឋខ្មែរចាប់ផ្ដើមទទួលស្គាល់ពីគុណភាពផលិតផលក្នុងស្រុកជាបណ្ដើរៗហើយ ខណៈតម្លៃលក់ទឹកដោះគោលស្រស់របស់ក្រុមហ៊ុនលោកពុំមានការដំឡើងថ្លៃនោះទេ។ បើតាមការអះអាងរបស់សហស្ថាបនិកកសិដ្ឋានគិរីសួគ៌រូបនេះ ការចំណាយថ្លៃដើមផលិតខ្ពស់ជាបញ្ហាប្រឈមមួយសម្រាប់ទឹកដោះគោស្រស់ផលិតក្នុងស្រុកក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូល។

​បើតាមលោក ជី សិលា បច្ចុប្បន្នកម្ពុជា ត្រូវការទឹកដោះគោស្រស់ប្រមាណ១០ម៉ឺនលីត្រក្នុង១ថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ ប៉ុន្តែការផលិតសរុបនាពេលនេះបានប្រមាណ២ម៉ឺនលីត្រប៉ុណ្ណោះក្នុង១ថ្ងៃ។

​គិតត្រឹមឆ្នាំ២០២៤ កម្ពុជា មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន៤ ​​ដែលអាចផលិតទឹកដោះគោស្រស់ជាង១ម៉ឺន៣ពាន់លីត្រក្នុង១ថ្ងៃ ឬស្មើនឹង៥លានលីត្រក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ១៧% នៃតម្រូវការទឹកដោះគោស្រស់សរុបក្នុងស្រុក ដែលមានជាង៣០លានលីត្រ​។ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗទាំង៤ រួមមានកសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូហ្វាម កសិដ្ឋានក្នុងឧទ្យានជាតិ ឫស្សីត្រឹប និងកសិដ្ឋានអូម៉៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អាម៉េរិកទម្លាក់ពន្ធគយបដិការលើទំនិញកម្ពុជាពី ៤៩% មកនៅ ៣៦% ស្មើនឹងថៃ ប៉ុន្ដែ នៅខ្ពស់ជាងវៀតណាម

ដូចការគ្រោងទុក ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី ៧ ខែកក្កដា បានបញ្ជូនលិខិតផ្លូវការ ទៅកាន់ប្រទេសជាដៃគូពាណិជ្ជកម្មចំនួន ១៤ រួមទ…

លោក ត្រាំ ចំអកគម្រោងបង្កើតគណបក្សថ្មីរបស់លោក អេឡុន ម៉ាស់ ថា ជារឿងគួរឱ្យអស់សំណើច

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានហៅការបង្កើតគណបក្សនយោបាយថ្មីរបស់លោក អេឡុន ម៉ាស់ ថា ជារឿងគួរឱ្យសំណើច និងបានប្រដូចលោក ម៉ាស់ ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ