នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសខ្លួនត្រៀមរួចជាស្រេចក្នុងការកាច់ចង្កូតសេដ្ឋកិច្ចថៃ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ប៉ុន្តែលោកត្រូវប្រឈមមុខនឹងបញ្ហាប្រឈម នៃការស្តារសេដ្ឋកិច្ចដ៏ទន់ខ្សោយរបស់ប្រទេសថៃឡើងវិញ។ ទិន្នន័យផ្លូវការ ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ថៃ នៅឆ្នាំ២០២៥ សម្រេចបានកំណើនតែ២,៤% ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០២៤ សម្រេចបាន២,៩%។ កំណើនសេដ្ឋកិច្ចថៃ ស្ថិតក្នុងកម្រិតទាបជាងគេ បើធៀបនឹងប្រទេសធំៗនៅក្នុងតំបន់អាស៊ាន ដូចជា ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។
ទោះបីជាវិស័យឧស្សាហកម្ម ផលិតកម្ម និងសេវាកម្មម្ហូបអាហារមានការងើបឡើងវិញខ្លះៗ ប៉ុន្តែល្បឿននៃការកើនឡើងមានសភាពយឺតយ៉ាវបំផុត ខណៈវិស័យទេសចរណ៍ដែលជាសសរស្ដម្ភសេដ្ឋកិច្ចបានបង្ហាញសញ្ញាធ្លាក់ចុះ។ អ្នកវិភាគបានលើកឡើងថា សេដ្ឋកិច្ចថៃ កំពុងញាំញីដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះទាប និងបំណុលគ្រួសារហក់ឡើងខ្ពស់រហូតដល់ជិត៩០% នៃ GDP។ បន្ថែមលើនេះ ភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសជិតខាងរួមទាំងកម្ពុជា ក៏បានធ្វើឱ្យទំហំពាណិជ្ជកម្មឆ្លងដែនរបស់ថៃ មានការថយចុះផងដែរ។
លោក ថាណាវ៉ាត ផុលវីឆៃ (Thanawat Pholwichai) នាយកមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ចនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានសង្កត់ធ្ងន់ថា បំណុលគ្រួសារ គឺជាបញ្ហាស្នូលរបស់រដ្ឋាភិបាលថៃ ដែលត្រូវដោះស្រាយ។ លោកយល់ថា រដ្ឋាភិបាលថៃ គួរតែដាក់ចេញគោលនយោបាយបង្កើនប្រាក់ចំណូលដល់គ្រួសារ ដែលមានចំណូលមធ្យម និងទាប តាមរយៈការជំរុញការវិនិយោគថ្មីៗ ដើម្បីបង្កើតការងារ។ លោកក៏បានលើកទឹកចិត្តឱ្យមានផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាពិសេសសម្រាប់ពលរដ្ឋ ដែលជាប់បំណុលខ្នាតតូចក្នុងរង្វង់ប្រមាណ៣,២០០ដុល្លារអាម៉េរិក។
ជាមួយគ្នានេះ លោក ហ្គេរ៉េត លេឌ័រ (Gareth Leather) អ្នកសេដ្ឋកិច្ចនៃក្រុមហ៊ុន Capital Economics ក៏បានព្រមានដែរថា ក្រៅពីបំណុលគ្រួសារ រដ្ឋាភិបាលថៃ ក៏ត្រូវដោះស្រាយបញ្ហាបំណុលសាធារណៈ ដែលកើនឡើងដល់៦៥% នៃ GDP ដែលជាកម្រិតមួយខ្ពស់បំផុតនៅក្នុងតំបន់ផងដែរ៕
ដោយៈ សរ សុជាតិ