អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានអះអាងថា ជីសរីរាង្គរបស់ក្រុមហ៊ុនរបស់ខ្លួនទទួលបានការគាំទ្រយ៉ាងច្រើនពីកសិករ ក្រោយជីសរីរាង្គនេះជួយឱ្យទិន្នផលដំណាំរបស់ពួកគេទទួលបានកំណើនខ្ពស់ជាងមុន។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុន វីរៈប៊ុនថាំ គ្រោងដាក់ឱ្យដំណើរការរោងចក្រផលិតជីគីមី១បន្ថែមទៀតនៅខែក្រោយ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ជីក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ តាមរយៈវត្តមានរបស់រោងចក្រផលិតជីរបស់ខ្លួន អ្នកឧកញ៉ា សួរ វីរៈ រំពឹងថា វានឹងចូលរួមចំណែកកាន់តែសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងកាត់បន្ថយការនាំចូលជីពីក្រៅប្រទេស ជាពិសេសជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនភាពប្រកួតប្រជែងរបស់កសិផលខ្មែរ។
បើតាមអ្នកឧកញ៉ា សួរ វីរៈ រោងចក្រផលិតជីទាំងពីរប្រភេទនេះលាតសន្ធឹងលើផ្ទៃដីប្រមាណ១៥ហិចតា ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបច្ចុប្បន្នរោងចក្រជីសរីរាង្គមានសមត្ថភាពផលិតបានប្រមាណ២៥០តោនក្នុង១ថ្ងៃ ដោយឡែកចំពោះរោងចក្រផលិតជីគីមី ដែលគ្រោងដាក់ឱ្យដំណើរការនៅខែក្រោយនេះ មានសមត្ថភាពផលិតបានច្រើនលើសជីសរីរាង្គទៅទៀត៕