វិស័យការពារជាតិ

មេទ័ពភូមិភាគ២ថៃ​ ទើបឡើងថ្មី ប្រកាសត្រៀមប្រយុទ្ធជាមួយកម្ពុជា ២៤/២៤ម៉ោង ដើម្បីដណ្ដើម​កាន់កាប់​ប្រាសាទបុរាណខ្មែរចំនួន២


មេទ័ពភូមិភាគ២របស់ថៃលោក វីរ៉ាយុត រ៉ាក់ស៊ីន (Weerayut Raksin) បានប្រកាសក្ដែងៗកាលពីថ្ងៃទី ១៣ ខែតុលាថា កងទ័ពភូមិភាគ២​របស់ថៃ​បានត្រៀមប្រយុទ្ធ២៤/២៤ម៉ោង ដើម្បីការពារទឹកដីថៃ​មិនឱ្យ​បាត់បង់សូម្បីមួយមីលីម៉ែត្រ និងដើម្បីវាយដណ្ដើមយកមកគ្រប់គ្រងវិញនូវប្រាសាទបុរាណចំនួន ២ពីរកម្ពុជា គឺប្រាសាទតាក្របី និងប្រាសាទខ្នារ។
វិស័យការពារជាតិ
ដោយ

ការព្រមានជាថ្មីនេះធ្វើឱ្យជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែឡើងកម្ដៅគួរឱ្យព្រួយបារម្ភ ខណៈដែលកងកម្លាំង​ចម្រុះរបស់ថៃនៅតែបន្តប្រើត្រាក់ទ័រឈូសឆាយដី រាវមីន និងចាក់សំឡេងឆ្កែលូ ព្រមទាំងសំឡេង​ខ្មោចលងរំខានអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយផែនការបណ្ដេញពលរដ្ឋខ្មែរ ចេញពីទឹកដីកម្ពុជាបានបរាជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

មេទ័ពភូមិភាគ២របស់ថៃលោក វីរ៉ាយុត រ៉ាក់ស៊ីន (Weerayut Raksin) ដែលទើបតែចូលជំនួសតំណែងមេភូមិភាគ២ចាស់គឺលោក ប៊ុនស៊ីន ផាត់ខ្លាង បានប្រកាសក្ដែងៗថា កងទ័ពភូមិភាគ២របស់ថៃ បានត្រៀមប្រយុទ្ធ២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារទឹកដីថៃ និងដើម្បីវាយដណ្ដើមគ្រប់គ្រងវិញនូវប្រាសាទបុរាណចំនួន២ពីកម្ពុជា គឺប្រាសាទតាក្របី ដែលមានទីតាំងស្ថិតនៅភូមិសែនមនោរម្យមួយ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងប្រាសាទខ្នារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រឡាពាស ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មេទ័ពភូមិភាគ២របស់ថៃរូបនេះបានព្រមានបែបនេះអំឡុងពេលចុះសួរសុខទុក្ខកងទ័ពនៅតាមព្រំដែនថៃ-កម្ពុជាក្នុងខេត្តសុរិន្ទ ដើម្បីពិនិត្យមើលសុខុមាលភាព និងការត្រៀមខ្លួនរបស់ពួកគេ ស្របពេលជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែតានតឹង។

មេភូមិភាគ២របស់ថៃរូបនេះបាននិយាយថា កងកម្លាំងប្រដាប់អាវុធទាំងអស់ដែល​ដាក់ពង្រាយនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានត្រៀមខ្លួនរួចរាល់២៤/២៤ម៉ោង ដើម្បីប្រយុទ្ធជាមួយកម្ពុជាក្នុងសង្គ្រាមជុំទី២ ក្រោយពីសង្គ្រាមជុំទី១ រយៈពេល៥ថ្ងៃពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅបានធ្វើឱ្យទាហានថៃ​ស្លាប់រណូករំណែល​ពេញព្រៃ ដែលលោក ភីតា លីមចារឿនរ៉ាត់ (Pita Limjaroenrat) មេដឹកនាំបក្សឆ្ពោះទៅមុខរបស់ថៃ ដែលត្រូវបានរម្លាយចោល ធ្លាប់បានទម្លាយអាថ៌កំបាំង​ដ៏គួរឱ្យភ្ញាក់ផ្អើលថា ក្នុងសង្គ្រាមឈ្លានពានទឹកដី​កម្ពុជារយៈពេល៥ថ្ងៃនេះបានធ្វើឱ្យទាហានថៃស្លាប់មិនក្រោម៥ពាន់នាក់នោះទេ។

ទោះជាយ៉ាងណាមិនទាន់មានការឆ្លើយតបពីភាគីកម្ពុជានៅឡើយទេ ចំពោះការព្រមានរបស់មេភូមិភាគ២ថ្មីរបស់ថៃខាងលើនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃក្រោមការសម្របសម្រួលរបស់លោក ត្រាំ នៅចុងខែនេះអាចកើតឡើងទេ?

កងកម្លាំងយោធាថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពាន និងបង្កហេតុមកលើអធិបតេយ្យភាពរបស់កម្ពុជា ទោះបីប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់ក៏ដោយ។ បញ្ហាជ…

តើមន្ត្រីនគរបាលចរាចរណ៍គួរអនុវត្តការផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ ឬគ្រាន់តែអប់រំ?

ស្នងការនគរបាលភ្នំពេញគ្រោងស្នើសុំគោលការណ៍ ដើម្បីបន្តពង្រឹងការចុះអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្រោយការអប់រំអស់រយៈពេល៣ខែកន្លងមកនេះមិនទទួលបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ