លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កត់សម្គាល់ឃើញថា ការឡើងថ្លៃយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈនៅមួយរយៈចុងក្រោយនេះ បានជះផលប៉ះពាល់ដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាចធ្វើឱ្យតម្លៃទំនិញក្នុងទីផ្សារមានការកើនឡើង។ ស្ថិតក្នុងស្ថានភាពលំបាកនេះ លោក ស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យបង្កើនការគិតគូរចំពោះតម្រូវការ និងការចំណាយរបស់ពលរដ្ឋ ក៏ដូចជាទប់ស្កាត់ការកើនឡើងតម្លៃទំនិញផ្សេងៗ។ អ្នកជំនាញរូបនេះយល់ថា រដ្ឋាភិបាលគួរមានគោលនយោបាយ ឬយន្តការឧបត្ថម្ភធន និងមានការវិនិយោគការនាំចូលប្រេងដោយខ្លួនឯង ព្រមទាំងការពិនិត្យក្នុងការបញ្ចុះពន្ធជាដើម ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃប្រេង បើពុំដូច្នោះទេពលរដ្ឋនឹងជួបបញ្ហាប្រឈមកាន់តែខ្លាំង។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានចាត់ទុកចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកាលពីពេលថ្មីៗ គឺជាយន្តការការពារក្នុងការទប់ស្កាត់ការកើនឡើងតម្លៃប្រេងរួចទៅហើយ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា រដ្ឋាភិបាលគួរតាមដានទីផ្សារប្រេងអន្តរជាតិ ឱ្យបានហ្មត់ចត់ និងធ្វើពិពិធកម្មនាំចូលប្រេង ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកឃ្លាំងស្តុកប្រេងបន្ថែមជាដើម។ លើសពីនេះ រដ្ឋាភិបាល គួរដាក់ចេញជម្រើសគោលនយោបាយដោយកាត់បន្ថយការចំណាយរបស់បុគ្គលិក មន្រ្តីរាជការ ដោយតម្រូវឱ្យពួកគេធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃប្រេង ជាពិសេសត្រូវសិក្សាវាយតម្លៃពីផលប៉ះពាល់ដល់ជីវភាពរស់នៅពលរដ្ឋ ដែលបង្កឡើងដោយតម្លៃទំនិញ និងប្រេងឡើងថ្លៃ។
ដោយឡែក លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ការកើនឡើងតម្លៃប្រេងកំពុងបង្កផលប៉ះពាល់ដល់វិស័យដឹកជញ្ជូនយ៉ាងខ្លាំង ខណៈមកដល់ពេលនេះគេពុំទាន់ដឹងទេថា តើសង្រ្គាមនៅមជ្ឈិមបូព៌ានឹងត្រូវបញ្ចប់នៅពេលណានោះទេ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើតម្លៃប្រេងនៅតែបន្តកើនឡើងបន្ថែមទៀត គឺមានតែការស្នើសុំរដ្ឋាភិបាលបន្ធូរបន្ថយពន្ធ ដើម្បីរក្សាតម្លៃប្រេងកុំឱ្យមានការកើនឡើងខ្ពស់ បើពុំដូច្នោះទេវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅកម្ពុជា ជាក់ជាមិនខានឡើយ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់កាលពីពេលថ្មីៗថា តម្លៃប្រេងលក់រាយនៅកម្ពុជា ត្រូវបានកំណត់ដោយផ្អែកលើតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ពោលគឺកម្ពុជាមិនមែនចេះតែកំណត់នោះទេ។ ស្របពេលតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់ ថ្នាក់ដឹកនាំរូបនេះ ស្នើឱ្យអ្នកពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ តាមរយៈការកាត់បន្ថយសកម្មភាពដែលមិនចាំបាច់។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៥,២០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៦,០៥០រៀលក្នុងមួយលីត្រ៕
អត្ថបទ៖ បូ ដូឡា