នាយករដ្ឋមន្ត្រីដាណឺម៉ាក បានព្រមានធ្ងន់ៗថា អង្គការបក្សសម្ពន្ធយោធា NATO ដែលបច្ចុប្បន្នមាន២៧ប្រទេស អាចនឹងឈានដល់ការដួលរលំ ប្រសិនបើសហរដ្ឋអាម៉េរិក នៅតែព្យាយាមដណ្ដើមកាន់កាប់តំបន់ Greenland។ ការអត្ថាធិប្បាយរបស់លោកស្រី ម៉េត ហ្វ្រេដឺរីកស៊ិន (Mette Frederiksen) នាយករដ្ឋមន្ត្រីដាណឺម៉ាក បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងការណ៍ថា សហរដ្ឋអាម៉េរិក គួរតែគ្រប់គ្រងតំបន់ Greenland សម្រាប់ហេតុផលសន្តិសុខជាតិ។ សូមបញ្ជាក់ថា តំបន់ Greenland គឺជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក នៅក្នុងតំបន់អាក់ទិក (Arctic)។
លោក ជេន-ហ្វ្រេដឺរីក នីលស៊ឹន (Jens-Frederik Nielsen) នាយករដ្ឋមន្ត្រីនៃតំបន់ស្វយ័ត Greenland បានជំរុញឱ្យគ្រប់ភាគីរក្សាភាពអត់ធ្មត់ ដោយនិយាយថា សហរដ្ឋអាម៉េរិក មិនអាចដណ្តើមកាន់កាប់តំបន់ Greenland ដោយងាយៗនោះទេ។ លោកបានអំពាវនាវឱ្យមានការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែបានច្រានចោលការពិភាក្សាណាមួយអំពីការដាក់បញ្ចូលតំបន់ Greenland ទៅជាទឹកដីរបស់សហរដ្ឋអាម៉េរិក ហើយលោកទទូចឱ្យសហរដ្ឋអាម៉េរិក គោរពច្បាប់អន្តរជាតិ។
គួររំឭកថា លោក ដូណាល់ ត្រាំ បានអះអាងថា តំបន់ Greenland មានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាម៉េរិក ដោយសារតែទីតាំងភូមិសាស្ត្រ ធនធាន និងជាផ្លូវដឹកជញ្ជូនតាមកប៉ាល់នៅតំបន់អាក់ទិក (Arctic) ហើយបានលើកឡើងពីការព្រួយបារម្ភអំពីប្រទេសចិន និងរុស្ស៊ី កាន់កាប់តំបន់នេះ។ លោក ដូណាល់ ត្រាំ ថែមទាំងធ្លាប់បានស្នើសុំទិញយកតំបន់ Greenland ទៀតផង ហើយលោកមិនដែលបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមកាន់កាប់តំបន់នេះឡើយ។
សូមបញ្ជាក់ថា តំបន់ Greenland មានមូលដ្ឋានយោធាអាម៉េរិក រួចទៅហើយ ហើយប្រទេសដាណឺម៉ាក បានអនុញ្ញាតឱ្យដាក់ពង្រាយកងទ័ពអាម៉េរិក កាន់តែច្រើន។ ទោះជាយ៉ាងណា មេដឹកនាំដាណឺម៉ាក និយាយថា ការប៉ុនប៉ងណាមួយដើម្បីដណ្តើមកាន់កាប់តំបន់ Greenland ដោយកម្លាំងយោធា នឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់អង្គការបក្សសម្ពន្ធយោធា NATO និងលោកខាងលិច៕
ដោយ: តែម សុខុម