ទីភ្នាក់ងារថាមពលអន្តរជាតិ កំពុងពិចារណាបញ្ចេញប្រេងបម្រុងគ្រាអាសន្នដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីបន្ធូរបន្ថយតម្លៃប្រេងដែលហក់ឡើងខ្លាំងដោយសារសង្គ្រាមអ៊ីរ៉ង់។ យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ការបញ្ចេញប្រេងបម្រុងនេះ គឺមានទំហំធំជាង១៨២លានបារ៉ែល ដែលត្រូវបានបញ្ចេញកាលពីឆ្នាំ២០២២ បន្ទាប់ពីរុស្ស៊ី ឈ្លានពានអ៊ុយក្រែនទៅទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
ប្រេងឆៅនៅលើទផ្សារអន្តរជាតិ ត្រូវបានជួញដូរក្នុងតម្លៃប្រមាណ៨៨ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិក ត្រូវបានជួញដូរក្នុងតម្លៃជិត៨៣ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីតម្លៃប្រេងមានការប្រែប្រួលយ៉ាងខ្លាំងនៅសប្តាហ៍នេះ។ ទីផ្សារថាមពលនៅតែផុយស្រួយ ខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់ ធ្វើឱ្យរាំងស្ទះការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូសជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ដែលរហូតដល់ទៅប្រមាណ២០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកត្រូវដឹកឆ្លងកាត់ច្រកនេះ។
តម្លៃប្រេងបានហក់ឡើងដល់ជិត១២០ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ មុនពេលធ្លាក់ចុះវិញយ៉ាងខ្លាំងនៅថ្ងៃអង្គារ ក្រោយពីលោក ដូណាល់ ត្រាំ និយាយថា សង្គ្រាមនៅអ៊ីរ៉ង់នឹងបញ្ចប់ឆាប់ៗមុនកាលកំណត់។
សូមបញ្ជាក់ថា ប្រទេសផលិតប្រេងធំៗនៅតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែតជាដើម បានកាត់បន្ថយទិន្នផលចម្រាញ់ប្រេងប្រមាណ៦,៧លានបារ៉ែលក្នុងមួយថ្ងៃ ដែលធ្វើឱ្យការព្រួយបារម្ភអំពីការផ្គត់ផ្គង់កាន់តែអាក្រក់ទៅៗ។
ជាការពិតណាស់ថា ទោះបីជាទីភ្នាក់ងារថាមពលអន្តរជាតិ IEA គ្រោងបញ្ចេញស្ដុកប្រេងដ៏ច្រើនលើសលប់ក្ដី ក៏ទីផ្សារប្រេងនៅតែស្ថិតក្នុងមាត់ជ្រោះ ប្រសិនបើច្រកសមុទ្រហ័រម៉ូស បន្ដបិទ។ ជាក់ស្ដែងក្រុមហ៊ុនប្រេងរដ្ឋខ្នាតយក្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Aramco បានព្រមានថា ទីផ្សារប្រេងពិភពលោកអាចប្រឈមមុខនឹងផលវិបាកដ៏មហន្តរាយ ប្រសិនបើច្រកសមុទ្រហ័រមូសនៅតែត្រូវបានបិទ ឬរារាំងមិនឱ្យឆ្លងកាត់ដោយសារតែសង្គ្រាមរបស់សហរដ្ឋអាម៉េរិកពួតដៃជាមួយអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់។
ក្រុមហ៊ុនប្រេង Aramco បាននិយាយថា ខ្លួននៅតែអាចផ្គត់ផ្គង់ប្រេងប្រហែល៧០% នៃការនាំចេញប្រេងធម្មតារបស់ខ្លួន ដោយការផ្លាស់ប្តូរផ្លូវដឹកជញ្ជូន និងប្រើប្រាស់ប្រេងឆៅដែលស្តុកទុក។ ទោះជាយ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុន Aramco បានព្រមានថា ការបិទច្រកសមុទ្រហ័រមូសរយៈពេលយូរអាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពល និងសេដ្ឋកិច្ចពិភពលោក៕
ដោយ: តែម សុខុម