ស្របពេលស្ថាប័នដឹកនាំសាសនារបស់រដ្ឋអ៊ិស្លាម កំពុងប្រឈមមុខនឹងរលកបាតុកម្មដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២២ មក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា ទីក្រុងវ៉់ាស៊ីនតោននឹងចូលខ្លួនជួយអន្តរាគមន៍លើបញ្ហានេះ ប្រសិនបើកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់ប្រើហិង្សាបង្ក្រាបលើក្រុមបាតុករឃោរឃៅពេក។
យោងតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្ស រ៉ាណា (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានបញ្ជាក់តួលេខចុងក្រោយថា យ៉ាងហោចណាស់មានមនុស្ស៤៩០នាក់បានបាត់បង់ជីវិត រួមទាំងកម្លាំងសន្តិសុខចំនួន៤៨នាក់ផ្សេងទៀត ខណៈមនុស្សជាង១០,៦០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការធ្វើបាតុកម្មប្រមាណ២សប្តាហ៍កន្លងមកនេះ។
ពាក់ព័ន្ធបញ្ហានេះ លោក ដូណាល់ ត្រាំ នឹងជួបជាមួយទីប្រឹក្សាជាន់ខ្ពស់របស់លោកនៅថ្ងៃទី១៣ ខែមករា ដើម្បីពិភាក្សាអំពីជម្រើសប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលរួមមានទាំងការវាយប្រហារខាងយោធា ការវាយប្រហារតាមអ៊ីធឺណិត ការពង្រីកទណ្ឌកម្ម និងការផ្តល់ជំនួយខាងអ៊ីនធឺណិតដល់ប្រភពព័ត៌មានប្រឆាំងរដ្ឋាភិបាល។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី១១ ខែមករា ថា កងទ័ពអាម៉េរិកកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ហើយអាម៉េរិកក៏កំពុងពិនិត្យមើលជម្រើសដ៏ម៉ឺងម៉ាត់មួយចំនួន និងត្រៀមខ្លួនដើម្បីជួយផងដែរ។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ូហាមម៉េត បាកា កាលីបាហ្វ (Mohammad Baqer Qalibaf) បានព្រមានក្រុងវ៉ាស៊ីនតោន កុំឱ្យគណនាខុសចំពោះនៅអ៊ីរ៉ង់ ហើយបានសង្កត់ធ្ងន់ថា ប្រសិនបើមានការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ នោះទឹកដីអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពនានា និងកប៉ាល់ទាំងអស់របស់សហរដ្ឋអាម៉េរិក នឹងក្លាយជាគោលដៅសងសឹកស្របច្បាប់របស់អ៊ីរ៉ង់។
ជាមួយគ្នានេះ អ៊ីស្រាអែល ក៏កំពុងដាក់កងទ័ពឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុតផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានជជែកគ្នាតាមទូរសព្ទយ៉ាងក្តៅគគុកអំពីលទ្ធភាពនៃប្រតិបត្តិការសឹក ដែលអាចនឹងកើតឡើងនាពេលខាងមុខ ប្រសិនបើទីក្រុងតេអេរ៉ង់នៅតែបន្តការបង្រ្កាបដោយហិង្សាលើក្រុមបាតុករ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស