
តាមរយៈទង្វើរបស់ថៃនេះ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា យល់ឃើញថា ជាករណីរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងបានប្រាសចាកពីប្រទេសដែលមានក្រមសីលធម៌ល្អក្នុងការរស់នៅ។ ជាមួយគ្នានេះប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ពេលនេះរដ្ឋាភិបាលកំពុងតាមដានសកម្មភាពយ៉ាងគឃ្លើនរបស់ភាគី ដើម្បីឆ្លើយតបតទៅវិញ។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ យល់ឃើញថា ការបើកបិទច្រកព្រំដែនស្រេចតែចិត្តរបស់ក្រុមយោធាថៃ បានបង្ហាញពីចេតនាកេងចំណេញនយោបាយផ្ទៃក្នុងរបស់ខ្លួន ដោយយកបញ្ហាព្រំដែនជាមួយកម្ពុជាធ្វើជាឧបករណ៍ប្រើប្រាស់។ បើតាមនាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សរូបនេះ ការបិទបង្ខាំងពលករខ្មែរជាច្រើននាក់មិនឱ្យធ្វើដំណើរចូលមកកម្ពុជាវិញពីសំណាក់ក្រុមទាហានឈុតខ្មៅថៃនេះ ជាទង្វើរំលោភបំពានសិទ្ធិសេរីភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធសេរីភាពក្នុងការដើរហើរដែលមានចែងទាំងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ដោយឡែក ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កត់សម្គាល់ឃើញថា ភាគីថៃ បានចាប់ផ្ដើមបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី ដោយការបិទច្រកព្រំដែនរហូតឈានដល់ការបង្ខាំងពលករខ្មែរមិនឱ្យធ្វើដំណើរចេញមកទឹកដីកំណើតវិញនេះ វាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សជាច្រើនដូចជាសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ សិទ្ធិក្នុងការទទួលបានជីវភាពសមរម្យ សិទ្ធិក្នុងការទទួលបានព័ត៌មានជាដើម។ អ្នកជំនាញរូបនេះបានបន្ថែមថា រដ្ឋាភិបាលតែងតែស្វាគមន៍ជានិច្ចសម្រាប់ពលករខ្មែរដែលវិលត្រឡប់មកស្រុកកំណើតវិញ ពោលគឺមិនមានការបិទច្រកព្រំដែន ឬមិនទទួលយកពលរដ្ឋខ្លួនមកវិញនោះឡើយ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ខេមបូណូមីសថា រដ្ឋាភិបាលកំពុងសង្កេតនូវសកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃ ដើម្បីឆ្លើយតបទៅវិញ ហើយរដ្ឋាភិបាលកម្ពុជានឹងកំដរភាគីថៃ បានគ្រប់ស្នៀតទាំងអស់។ មន្ត្រីជាន់ខ្ពស់រូបនេះ បានចាត់ទុក ការបិទច្រកព្រំដែន និងបំភ្លៃព័ត៌មានរបស់កងទ័ពថៃ ហាក់បង្ហាញពីវិធានការមិនមានភាពច្បាស់លាស់របស់ថៃ និងជាទង្វើមិនស័ក្ដិសម និងគ្មានសេចក្តីថ្លៃថ្នូរ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្រកាន់គោលជំហរយ៉ាងច្បាស់លាស់ជុំវិញការបិទច្រកព្រំដែន ពោលគឺកម្ពុជា តម្រូវឱ្យភាគីថៃ បើកច្រកព្រំដែនដោយខ្លួនឯង និងគ្មានការចរចា ព្រោះថៃ បានបំពានលើកិច្ចព្រមព្រៀងទ្វេភាគី និងបានបិទព្រំដែនដោយឯកតោភាគី។
បើតាមមតិរបស់ប្រជាពលរដ្ឋដែលបានបញ្ចេញលើបណ្ដាញសង្គមហ្វេកប៊ុក ហាក់បង្ហាញការខកចិត្តជាខ្លាំងនូវទង្វើរបស់ក្រុមទាហានឈុតខ្មៅរបស់ថៃ ដោយពួកគេបានលើកឡើងថា សកម្មភាពរាំងខ្ទប់ពលករខ្មែរមិនឱ្យធ្វើដំណើរមកស្រុកកំណើតវិញ និងការទម្លាក់កំហុសលើកម្ពុជា វាជារឿងដ៏អយុត្តិធម៌ ពោលគឺលើសពីបញ្ហាការគ្រប់គ្រងព្រំដែន វាជាការរំលោភកាតព្វកិច្ចសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ ហើយសកម្មភាពនេះវាបានបង្កឱ្យមានការរំខានដល់ជីវិតមនុស្សរាប់ពាន់នាក់ ការគំរាមកំហែងដល់ជីវភាពរស់នៅ ការទទួលបានសេវាកម្មមូលដ្ឋាន និងប៉ះពាល់ដល់សុវត្ថិភាពរាងកាយជាដើម៕
អត្ថបទ៖ ជា ម៉ារ៉ា