វិស័យ ថាមពល

តើមានមូលហេតុអ្វីបានជាប្រេងម៉ាស៊ូតមានតម្លៃខ្ពស់ជាងប្រេងសាំងនៅពេលមានវិបត្តិសកលកើតឡើង?


ក្រុមអ្នកជំនាញបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ នៃការហក់ឡើងថ្លៃខ្ពស់កប់ពពកនៃតម្លៃប្រេងម៉ាស៊ូតនៅកម្ពុជា ដែលជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ក្នុងវិស័យ ឧស្សាហកម្ម ការដឹកជញ្ជូនផ្លូវឆ្ងាយ ជាពិសេសវិស័យកសិកម្មតែម្តង។ ជាក់ស្តែងតម្លៃប្រេងម៉ាស៊ូត ដែលត្រូវកំណត់លក់ចេញនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា បានហក់ឡើងដល់៦,០៥០រៀលក្នុង១លីត្រខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា ដែលមានតម្លៃត្រឹមតែ៥,២០០រៀលក្នុង១លីត្រ។
វិស័យ ថាមពល
ដោយ

លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានគូសបញ្ជាក់ថា តម្រូវការប្រេងឥន្ធនៈ ជាពិសេសប្រេងម៉ាស៊ូតក្នុងវិស័យកសិកម្មពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រើប្រាស់ក្នុងការបូមទឹកដាក់ដំណាំ ភ្ជួរដី និងការប្រមូលផល រួមទាំងការដឹកកសិផលទៅលក់លើទីផ្សារជាដើម។ ភាពចាំបាច់មិនអាចកាត់បន្ថយបាននេះហើយ ទើបធ្វើឱ្យប្រេងតម្លៃម៉ាស៊ូតហក់ឡើងខ្ពស់ជាងប្រេងសាំងនៅពេលមានវិបត្តសកលកើតឡើង។ ដើម្បីទប់ស្កាត់បញ្ហាប្រឈមក្នុងវិស័យកសិកម្មបង្កឡើងដោយការកើនឡើងតម្លៃប្រេងម៉ាស៊ូត អ្នកជំនាញរូបនេះ ស្នើឱ្យរាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់ឱ្យបានខ្លាំងចំពោះបញ្ហានេះ និងធានាថា មានម៉ាស៊ូតគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ចាំបាច់ក្នុងវិស័យកសិកម្ម។ បន្ថែមលើនេះ រដ្ឋគួរមានការលើកទឹកចិត្តសម្រាប់ការទិញឡានដឹកទំនិញដោយប្រើថាមពលអគ្គិសនីឱ្យបានឆាប់បំផុត ហើយប្រសិនបើខ្វះថាមពលអគ្គិសនី រដ្ឋាភិបាលគួរបង្កើតគម្រោង ឬអនុញ្ញាតការប្រើប្រព័ន្ធសូឡាឱ្យបានច្រើន រួមទាំងប្រព័ន្ធសូឡាបូមទឹកផងដែរ។

ស្រដៀងគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាសមាគមឧកញ៉ាកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងវិស័យកសិកម្ម ប្រេងម៉ាស៊ូត គឺពិតជាមានតម្រូវការចាំបាច់ណាស់សម្រាប់ប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម តួយ៉ាងនៅពេលបច្ចុប្បន្ននេះដែលជារដូវប្រាំងផងនោះ តម្រូវការបូកទឹកដាក់ដំណាំ គឺមានច្រើន ដូច្នេះតម្រូវការប្រើប្រាស់ប្រេងម៉ាស៊ូត ក៏មានកាន់តែខ្ពស់។ តែយ៉ាងណាអ្នកជំនាញរូបនេះហាក់បង្ហាញក្តីបារម្ភចំពោះការខ្វះខាតប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ ក្រោយតម្រូវការប្រេងម៉ាស៊ូតក្នុងវិស័យកសិកម្មមានការកើនឡើងខ្ពស់។  

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ដោយសារប្រេងម៉ាស៊ូតជាតម្រូវការចាំបាច់មិនអាចខ្វះបានសម្រាប់បម្រើដល់ខ្សែច្រវាក់ឧស្សាហកម្ម និងកសិកម្ម រួមទាំងការដឹកជញ្ជូនផ្លូវឆ្ងាយ ទើបធ្វើឱ្យប្រេងម៉ាស៊ូតមានតម្លៃខ្ពស់ជាងប្រេងសាំង។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ពលរដ្ឋអាចកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ប្រេងសាំងបាន ប៉ុន្តែខ្សែច្រវាក់ផលិតកម្មពុំអាចកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូតបាននោះទេ ដូច្នេះទោះតម្លៃកើនឡើងយ៉ាងណា ក៏តម្រូវការម៉ាស៊ូតមិនធ្លាក់ចុះនោះដែរ។

សូមជម្រាបថា តម្លៃប្រេងម៉ាស៊ូតដែលត្រូវកំណត់លក់នៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានហក់ឡើងដល់៦,០៥០រៀលក្នុង១លីត្រ ខ្ពស់ជាងតម្លៃប្រេងសាំងធម្មតាដែលមានតម្លៃ ៥,២០០រៀលក្នុង១លីត្រ៕




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងដឹកជញ្ជូនស្នើឱ្យរដ្ឋាភិបាលដាក់ចេញយន្តការពិសេស ដើម្បីទប់ទល់នឹងការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ

ក្រុមអ្នកជំនាញមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យដឹកជញ្ជូនបានអំពាវនាវដល់រដ្ឋាភិបាលឱ្យពិនិត្យលទ្ធភាពដាក់ចេញនូវយន្តការអន្តរាគមន៍ពិសេស ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ