វិស័យសំណង់

វិវាទរវាងអ្នកទិញ និងម្ចាស់បុរីប្រមាណ១០០គម្រោងត្រូវបានដោះស្រាយ តើវាអាចជួយស្តារទំនុកចិត្តក្នុងវិស័យនេះយ៉ាងណាដែរ?


ការសាងសង់បុរីបានរួមចំណែកយ៉ាងសំខាន់ដល់វិស័យសំណង់នៅកម្ពុជា ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ វិស័យនេះបានជួបប្រឈមបញ្ហាចម្រូងចម្រាសរវាងអ្នកលក់ និងអ្នកទិញ រហូតដល់រដ្ឋាភិបាល ដាក់ចេញយន្តការដោះស្រាយជាបន្តបន្ទាប់។ មកទល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់វិវាទរវាងអ្នកទិញ និងម្ចាស់ បុរីនានាបានប្រមាណ១០០គម្រោង និងនៅសល់ប្រមាណ៣០ ទៅ៤០គម្រោងទៀត កំពុងដោះស្រាយបន្ត។ តើការដោះស្រាយបញ្ចប់វិវាទនេះបានចូលរួមចំណែកជួយជំរុញការអភិវឌ្ឍ និងស្តារទំនុកចិត្តរបស់អតិថិជនមកលើវិស័យនេះយ៉ាងណាដែរ?
វិស័យសំណង់
ដោយ

លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា យន្តការដោះស្រាយវិវាទរវាងអ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់រាជរដ្ឋាភិបាល វានឹងរួមចំណែកជួយជំរុញការអភិវឌ្ឍន៍អចលនទ្រព្យ និងស្តារភាពជឿទុកចិត្តរបស់អតិថិជនមកលើវិស័យនេះឱ្យកាន់តែមានល្អប្រសើរឡើងវិញ។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ រដ្ឋាភិបាល មានយន្តការគ្រប់ជ្រុងជ្រោយក្នុងការទប់ស្កាត់វិវាទនានា ដោយសារមានប្រព័ន្ធច្បាប់ក្នុងការចុះបញ្ជីគម្រោង និងមានការតាមដានពីភាគីពាក់ព័ន្ធផងដែរ។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា នាពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយន្តការជាច្រើន ដើម្បីដោះស្រាយបញ្ហាវិវាទនានា ខណៈបញ្ហាវិវាទមួយចំនួនត្រូវបានដោះស្រាយបញ្ចប់រួចរាល់។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ ជឿជាក់ថា ប្រសិនបើការដោះស្រាយវិវាទនានាអនុលោមតាមគោលការណ៍ច្បាប់នោះវាជារឿងមួយដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធ។ បើតាមអ្នកជំនាញរូបនេះ រដ្ឋាភិបាល គួរបង្កើតយន្តការងាយស្រួលលើការកំណត់កិច្ចព្រមព្រៀងរវាងភាគីអ្នកទិញ និងអ្នកលក់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសបញ្ហាវិវាទផ្សេងៗ ដែលអាចកើតឡើងនាពេលអនាគត។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកទល់ពេលនេះ ក្រសួងរៀបចំដែនដីបានដោះស្រាយបញ្ហាវិវាទរវាងអ្នកទិញ និងម្ចាស់បុរីនានា បានប្រមាណ១០០គម្រោង និងនៅសល់ប្រមាណ៣០ទៅ៤០គម្រោងទៀតកំពុងដោះស្រាយបន្ត។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការដោះស្រាយវិវាទមួយចំនួនដែលនៅសេសសល់ស្ថិតក្នុងភាពស្មុគស្មាញ តែយ៉ាងណាក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធកំពុងរកវិធីដើម្បីដោះស្រាយបញ្ចប់វិវាទដែលនៅសេសសល់ឱ្យចប់ទាំងស្រុងនាពេលខាងមុខ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


AMRO បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ មកនៅត្រឹម៤,៩% និង៤,៧% នៅឆ្នាំ២០២៦

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ហៅកាត់ថា AMRO បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី៦% នៅឆ្នាំ២០២៤ មកនៅត្រឹម៤,៩% នៅឆ្នា…

កសិកររអ៊ូរទាំពីការធ្លាក់ចុះតម្លៃផ្លែឪឡឹក និងខ្វះឈ្មួញចុះប្រមូលទិញ

កសិករដាំឪឡឹកនៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ កំពុងជួបបញ្ហាឪឡឹកលក់បានតម្លៃទាប និងខ្វះឈ្មួយចុះជួយប្រមូលទិញ ស្របពេលឪឡឹករបស់ពួកគេកំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ