ក្រុមហ៊ុនបូទីកា

ក្រុមហ៊ុនបូទីកាចែកសាំងឱ្យពលរដ្ឋដោយឥតគិតថ្លៃ ខណៈពលរដ្ឋចង់ឃើញក្រុមហ៊ុនផ្សេងៗធ្វើបែបនឹងដែរ ក្នុងគ្រាដែលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់នេះ


ស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារបន្តហក់ឡើងខ្ពស់ដោយសារឥទ្ធិពលសង្គ្រាមនៅមជ្ឈិមបូព៌ា ក្រុមហ៊ុន បូទីកា បានបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសម្រេចផ្ដល់សាំងឥតគិតថ្លៃក្នុងមួយម៉ូតូចំនួន៣លីត្ររយៈពេលពេញមួយថ្ងៃជូនដល់ប្រជាពលរដ្ឋ។ សកម្មភាពនេះបានផ្ដល់ក្ដីសង្ឃឹម និងការជួយសម្រាលបន្ទុកមួយផ្នែកដល់អ្នកប្រើប្រាស់ ស្របពេលដែលពលរដ្ឋបានបង្ហាញនូវបំណងចង់ឃើញអ្នកមានធនធានដទៃទៀត រួមគ្នាចែករំលែក ដើម្បីជួយដល់អ្នកខ្វះខាតក្នុងស្ថានភាពដ៏លំបាកនេះ។
ក្រុមហ៊ុនបូទីកា
ដោយ

កញ្ញា តង់ ចិន្ដា កម្មការិនីរោងចក្រកាត់ដេរមួយកន្លែងនៅរាជធានីភ្នំពេញបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានសាំង៣លីត្រដោយមិនគិតប្រាក់ពីក្រុមហ៊ុនបូទីកា ដែលអាចជួយឱ្យកញ្ញា ធ្វើដំណើរទៅធ្វើការបានពេញមួយសប្តាហ៍។ កញ្ញាបានលើកឡើងថា ក្នុងកាលៈទេសៈដែលតម្លៃទំនិញ និងម្ហូបអាហារឡើងថ្លៃទ្វេដង ការចែករំលែកបែបនេះពិតជាមានតម្លៃណាស់សម្រាប់អ្នកចំណូលទាប។ ជាមួយគ្នានេះ កញ្ញា ក៏បានអំពាវនាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោទិញសាំងស្ដុកទុក ដែលអាចបង្កឱ្យមានការខ្វះខាតដល់អ្នកដែលមានតម្រូវការចាំបាច់។

ចំណែកលោក ព្រុំ សុខា ពលរដ្ឋរស់នៅម្ដុំភូមិត្រពាំងថ្លឹង ក៏បានសម្ដែងនូវការគាំទ្រចំពោះកាយវិការនេះដែរ។ លោកសង្កេតឃើញថា តម្លៃប្រេងឡើងថ្លៃបានជះឥទ្ធិពលដល់ការចំណាយប្រចាំថ្ងៃយ៉ាងខ្លាំង ហើយលោកចង់ឃើញក្រុមហ៊ុនធំៗផ្សេងទៀត ចុះមកជួយពលរដ្ឋផ្ទាល់ៗបែបនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

ដោយឡែកលោក ប៊ុន លីស៊ីង អ្នកបង្កើតមាតិកាឌីជីថលដ៏មានប្រជាប្រិយភាពមួយរូបយល់ឃើញថា សកម្មភាពរបស់ក្រុមហ៊ុនបូទីកា គឺជាគំរូដ៏ល្អ នៃទំនួលខុសត្រូវសង្គម។ លោក ក៏បានសំណូមពរដល់សាធារណជនឱ្យប្រើប្រាស់ប្រេងឥន្ធនៈដោយភាពសន្សំសំចៃខ្ពស់បំផុត ដើម្បីរួមគ្នាថែរក្សាស្ថិរភាពថាមពលក្នុងប្រទេស។

ជាមួយគ្នានេះលោក ម៉ក់ ភក្ដី ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនបូទីកាបានបញ្ជាក់ថា ការផ្ដល់សាំងឥតគិតថ្លៃជូនពលរដ្ឋក្នុងឱកាសខួប២០ឆ្នាំរបស់ក្រុមហ៊ុនបូទីកានេះធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកជួយសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់ ក៏ ដូចជាដើម្បីបង្ហាញពីការរួមសុខរួមទុក្ខជាមួយពលរដ្ឋខ្មែរ។ សម្រាប់ប្រធានផ្នែកពាណិជ្ជកម្មរូបនេះ ការជួយគ្នាម្នាក់បន្តិចតាមលទ្ធភាព គឺជាកម្លាំងសាមគ្គីភាពដ៏សំខាន់សម្រាប់ជាតិសាសន៍តែមួយក្នុងគ្រាដ៏លំបាក ដែលបង្កឡើងដោយតម្លៃប្រេងហក់ឡើងខ្ពស់នេះ។

គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី៤មេសា រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ តម្លៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសត្រូវលក់ចេញ៥,៥០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៨,១០០រៀលក្នុងមួយលីត្រ។ ក្រសួងរ៉ែ និងថាមពល បានព្រមានថា ស្ថានីយប្រេងឥន្ធនៈអាចប្រឈមនឹងការដកអាជ្ញាបណ្ណ ប្រសិនបើធ្វើអាជីកម្មមិនត្រឹមត្រូវ ឬឆ្លៀតឱកាសកេងចំណេញហួសហេតុក្នុងគ្រាមានវិបត្តិនេះ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ឥទ្ធិពលសង្គ្រាមនៅអ៊ីរ៉ង់ រុញច្រានអតិផរណានៅអាម៉េរិកឱ្យហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន

បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ដោយសារវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ ពេលនេះស្រមោល នៃអតិផរណាកំពុងចាប់ផ្ដើមលងបន្លាចសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ