វិស័យការពារជាតិ

ការចូលចតនាវាចម្បាំងអាម៉េរិក នៅមូលដ្ឋានសមុទ្ររាម អាចបន្សាបការសង្ស័យអំពីវត្តមានយោធាចិននៅកម្ពុជា យ៉ាងណាដែរ?


មូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ គឺជាចំណុចក្តៅមួយ នៃភូមិសាស្ត្រនយោបាយដែលតែងតែរងការសង្ស័យពីសំណាក់សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសមួយចំនួនថា ជាទីតាំងផ្តាច់មុខសម្រាប់យោធាចិន។ មន្ទិលសង្ស័យនេះ បានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា ជាមួយបណ្ដាប្រទេសជាដៃគូជាពិសេសសហរដ្ឋអាម៉េរិក បានធ្លាក់ចុះមួយកម្រិតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
វិស័យការពារជាតិ
ដោយ

ទោះជាយ៉ាងណា វត្តមាននាវាចម្បាំងអាម៉េរិក USS CINCINNATI (LCS 20) ដែលបានចូលសំចតនៅមូលដ្ឋានរាម ក្នុងខេត្តព្រះសីហនុនាពេលថ្មីៗនេះ កំពុងក្លាយជាប្រធានបទដ៏សំខាន់មួយ ហើយថា តើការចូលចតនាវា​នេះ​អាចជួយបន្សាបការសង្ស័យ និងស្ដារទំនុកចិត្តឡើងវិញបានកម្រិតណា?

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ការអនុញ្ញាតឱ្យនាវាចម្បាំងអាម៉េរិក ចូលចតនៅមូលដ្ឋានសមុទ្ររាម គឺជាសក្ខីភាពបង្ហាញពីគោលនយោបាយការបរទេស "បើកចំហ" របស់កម្ពុជា។ នេះគឺជាយុទ្ធសាស្ត្រដ៏វៃឆ្លាតដើម្បីលុបបំបាត់ការភាន់ច្រឡំ និងបង្កើនតម្លាភាពជាមួយដៃគូអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក។ អ្នកជំនាញរូបនេះជឿជាក់ថា កិច្ចសហការរវាងកម្ពុជា និងអាម៉េរិក​នឹងចូលរួមបង្ខិតនូវទំនាក់ទំនងវិជ្ជមានដល់វិស័យការពារជាតិ និងវិស័យផ្សេងៗទៀតឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ សម្រាប់លោកបណ្ឌិត យង់ ពៅ ចាប់ពីពេលនេះតទៅ កម្ពុជា ត្រូវពង្រឹងសមត្ថភាពយោធាស្របតាមរដ្ឋធម្មនុញ្ញមាត្រា៥៣ថ្មី ដែលមានលទ្ធភាពជំរុញឱ្យកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការក្នុងទិដ្ឋភាព ផ្កាចម្រុះពណ៌នៃគោលនយោបាយការបរទេស ដើម្បីផ្ដល់ទំនុកចិត្តជាមួយបណ្ដាប្រទេសនានា។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ចាត់ទុកការចូលចតរបស់នាវាចម្បាំងអាម៉េរិក នៅមូលដ្ឋានសមុទ្ររាម គឺបង្ហាញពីការបើកទូលាយរបស់កម្ពុជា ជាមួយប្រទេសជាដៃគូនានា និងជាការស្ដារទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកឡើងវិញ ខណៈពេលកន្លងទៅការសាងសង់មូលដ្ឋានសមុទ្ររាមនេះបានធ្វើឱ្យមានការសង្ស័យ និងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។ លោកសង្កត់ធ្ងន់ថា ការបើកទ្វារទទួលនាវាអាម៉េរិក មិនមែនមានន័យថា កម្ពុជា កំពុងងាកចេញពីប្រទេសណាមួយ ឬបោះបង់មិត្តចាស់នោះទេ ប៉ុន្តែវាគឺជាការអនុវត្តតាមគោលការណ៍អព្យាក្រឹតភាព និងការការពារអធិបតេយ្យភាពជាតិ។

នាយឧត្តមនាវី សាំយូអែល ប៉ាប៉ារ៉ូ (Samuel Paparo) មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចាត់ទុកការចូលចតនាវាចម្បាំង​ USS CINCINNATI នៅមូលដ្ឋានសមុទ្ររាម គឺជាការបង្ហាញពីទំនុកចិត្តរបស់សហរដ្ឋអាម៉េរិក ចំពោះអធិបតេយ្យភាពរបស់កម្ពុជា និងការបង្ហាញភាពជាដៃគូដោយសុឆន្ទៈឆ្ពោះទៅមុខ។ បើតាមមេបញ្ជាការរូបនេះ កម្ពុជា និងសហរដ្ឋអាម៉េរិក នឹងធ្វើសមយុទ្ធយោធារួមគ្នានាពេលឆាប់ៗខាងមុខ។ ក្រៅពីនេះ កម្ពុជា និងអាម៉េរិក ក៏នឹងរួមគ្នាធ្វើកិច្ចសហការលើវិស័យជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា នាវាចម្បាំងអាម៉េរិក USS CINCINNATI (LCS 20) បានចូលសំចតនៅមូលដ្ឋានសមុទ្ររាមចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាជើងទឹករវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕




អត្ថបទបន្ទាប់


ខួប ១៥ ឆ្នាំ AVR៖ បើកឱកាសកាន់កាប់រថយន្តជាមួយការផ្តល់ជូនឥណទានរថយន្ត រថយន្តធនធ្ងន់ ឬរថយន្តលើកដាក់ទំនិញ ពី ធនាគារ BRIDGE

ភ្នំពេញ៖ ធនាគារប្រ៊ីដ ដែលជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត និងសេវាហិរញ្ញវត្ថុជាច្រើនទៀតនោះមាន…

កម្ពុជា អាចទាញប្រយោជន៍អ្វីខ្លះពីការចូលជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមបង្កើតឡើងដោយលោកត្រាំ?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ