វិស័យពាណិជ្ជកម្ម

តើចិន ហ៊ានប្រើសន្លឹកបៀរទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីដាក់សម្ពាធលើជប៉ុនដែរទេ?


ជម្លោះនយោបាយការទូតរវាងចិន និងជប៉ុន ដែលសុទ្ធតែជាកំពូលមហាអំណាចទាំងពីរនៅតំបន់អាស៊ីកំពុងឡើងកម្ដៅដូចបាយពុះ ប៉ុន្តែចិន ដែលជាមហាអំណាចលេខ២ នៅលើពិភពលោកហាក់មានការប្រយ័ត្នប្រយែងខ្ពស់ណាស់ក្នុងការលេងល្បែងជម្លោះជាមួយជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលេខ៥ នៅលើពិភពលោក។ អ្នកវិភាគបានលើកឡើងថា ចិន កំពុងជាប់ដៃដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មជាមួយអាម៉េរិក ហើយបើហ៊ានបង្កើនកម្តៅជម្លោះការទូតខ្លាំងជាមួយជប៉ុន នោះស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរជាងនេះ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
ចិន មានការប្រយ័ត្នប្រយែងខ្ពស់
ដោយ

ចិន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរមានការប្រយ័ត្នប្រយែងខ្ពស់ណាស់ក្នុងការឆ្លើយតបជាមួយជប៉ុន ក្រោយជម្លោះនយោបាយការទូតរវាងប្រទេសទាំងពីរ មានការឡើងកម្តៅខ្លាំង ដែលកំពុងបង្កក្តីបារម្ភនៅក្នុងតំបន់ និង ពិភពលោក។ អ្នកវិភាគបានលើកឡើងថា ទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថា នឹងកែសម្រួលការឆ្លើយតបរបស់ខ្លួនចំពោះប្រទេសជប៉ុន បើទោះបីជាពេលនេះទីក្រុងប៉េកាំង កំពុងដាក់សម្ពាធខ្លាំងលើទីក្រុងតូក្យូ ក៏ដោយ។ បើតាមអ្នកវិភាគពេលនេះ ទីក្រុងប៉េកាំង កំពុងថ្លឹងថ្លែងលើវិធានការទណ្ឌកម្ម ដែលបានដាក់លើប្រទេសជប៉ុន និងកំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតលើហានិភ័យនៃផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់ខ្លួន។

ជំនួយការសាស្ត្រាចារ្យស្រាវជ្រាវប្រចាំវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ South China University of Technology លោក ស៊ូ វៃជន (Xu Weijun) បានអះអាងថា ចិន តែងតែមានការថ្លឹងថ្លែងខ្ពស់មុនសម្រេចចិត្តធ្វើអ្វីមួយ។ លោកបានសង្កត់ធ្ងន់ថា នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទំនាក់ទំនងមានការប្រទាក់ក្រឡាគ្នា ដូច្នេះចិនត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ជំហាននៃការសម្រេចចិត្ត ព្រោះការប្រើប្រាស់វិធានការសេដ្ឋកិច្ច ដើម្បីតបតអាចធ្វើឱ្យខូចយុទ្ធសាស្ត្រ និងធ្វើឱ្យប៉ះពាល់ដល់វិនិយោគិន និងដៃគូវិនិយោគបរទេស។

ក្រោយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ បាននិយាយប៉ះចំចំណុចរសើបពាក់ព័ន្ធបញ្ហានៅកោះតៃវ៉ាន់ ទីក្រុងប៉េកាំង បានដាក់ចេញចំណាត់ការភ្លាមៗ ដោយបានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មសាច់គោ គ្រឿងសមុទ្រ និងវិស័យទេសចរណ៍របស់ជប៉ុនភ្លាមៗតែម្តង​។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី ហ៊ី យ៉ុងចាង (He Yongqian) បានព្រមាន​ថា ប្រសិនបើជប៉ុន នៅតែបន្តដំឡើងកំដៅជម្លោះ នោះចិននឹងចាត់វិធានការចាំបាច់ និងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេនៅមិនទាន់ដឹងទេថា តើទីក្រុងប៉េកាំង អាចផ្លាស់ប្តូពីពាក្យសម្តីទៅជាសកម្មភាពយ៉ាងណានោះទេ។ យ៉ាងណាមិញអ្នកវិភាគជឿជាក់ថា យុទ្ធសាស្រ្តចិន ឆ្លើយតបទៅជប៉ុន អាចខុសពីយុទ្ធសាស្រ្តនៃការឆ្លើយតបជាមួយសហរដ្ឋអាម៉េរិក ដោយសារជម្រៅនៃការពឹងពាក់គ្នាទៅវិញទៅមកខាងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនៅជំពាក់ជំពិនគ្នាច្រើន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មេដឹកនាំតៃវ៉ាន់ អះអាងថា ចិន មានគោលដៅវាយយកកោះតៃវ៉ាន់ នៅឆ្នាំ២០២៧ ខណៈតៃវ៉ាន់ បង្កើនថវិកាការពារជាតិ ៤០ពាន់លានដុល្លារ ដើម្បីត្រៀមតតាំង

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានប្រកាសនៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ថា កោះតៃវ៉ាន់នឹងបន្ថែមថវិកា៤០ពាន់លានដុល្លារអាម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ