ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្តេជ្ញាកាត់ផ្តាច់ដណ្តើមសេដ្ឋកិច្ចរបស់គុយបា តាមរយៈកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសគុយបា បន្ទាប់ពីទទួលបានជោគជ័យក្នុងការផ្តួលរំលំសម្ពន្ធមិត្ត និងចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បញ្ជូនទៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៣ ខែមករា កន្លងទៅថ្មីៗនេះ។ ការព្រមានរបស់លោក ត្រាំ បានកើតឡើងភ្លាមៗក្រោយប្រធានាធិបតីគុយបា លោក មីគែល ដ្យាកាណែល (Miguel Diaz-Canel) បានរិះគន់សហរដ្ឋអាម៉េរិក ចំពោះការប្រតិបត្តិការយោធាផ្តួលរំលំរបបដឹកនាំរបស់លោក ម៉ាឌូរ៉ូ ដែលជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់គុយបា។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា វេណេស៊ុយអេឡា លែងជាប្រភពហិរញ្ញវត្ថុ និងប្រេងរបស់គុយបាទៀតហើយ។ ប៉ុន្តែលោកមិនបានលាតត្រដាងផែនការយោធា ឬការដាក់សម្ពាធសេដ្ឋកិច្ចជាក់លាក់ណាមួយលើប្រទេសគុយបា នោះទេ។ តែយ៉ាងណាការព្រមានរបស់លោក ត្រាំ នេះ វាជាបន្ទុកដ៏ធ្ងន់ធ្ងរមួយទៀតសម្រាប់គុយបា ដែលបានរស់នៅក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់អាម៉េរិក រាប់ទសវត្សរ៍ស្រាប់ទៅហើយនោះ។
អ្វីដែលធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺលោក ត្រាំ បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ ដែលជាកូនប្រុសជនអន្តោប្រវេសន៍គុយបា អាចនឹងក្លាយជាប្រធានាធិបតីគុយបា។ ការបង្ហោះសារនេះមើលទៅហាក់ដូចជាការលេងសើច ប៉ុន្តែវាបានបង្កប់អត្ថន័យនយោបាយ ដែលត្រូវបានគេមើលឃើញថា ជាការចង់ផ្លាស់ប្តូររបបដឹកនាំនៅគុយបាទាំងស្រុង។
ជាការឆ្លើយតបនឹងការលើកឡើងខាងលើ ប្រធានាធិបតីគុយបា បានបង្ហោះសារលើបណ្តាញសង្គម X វាយបកវិញថា ប្រជាជនគុយបា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារមាតុភូមិរហូតដល់ដំណក់ឈាមចុងក្រោយ។ លោកបានសង្កត់ធ្ងន់ថា គុយបាជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ ដូច្នេះគ្មាននរណាម្នាក់មានសិទ្ធិមកបង្គាប់បញ្ជា ឬត្រួតត្រាវាសនារបស់ប្រជាជនគុយបាបានឡើយ៕
ដោយៈ សរ សុជាតិ