សម្រាប់កម្ពុជា ដែលជាប្រទេសមានកម្រិតដុល្លារូបនីយកម្មខ្ពស់រហូតដល់ប្រមាណ៨០% បានធ្វើឱ្យមានការចោទជាសំណួរថា តើការឡើងថ្លៃនៃប្រាក់ដុល្លារក្នុងកាលៈទេសៈវិបត្តិនេះ នឹងជះឥទ្ធិពលយ៉ាងណាខ្លះដល់វិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងស្ថិរភាពសេដ្ឋកិច្ចជាតិ?
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការប្រែប្រួលឡើងចុះនៃតម្លៃប្រាក់ដុល្លារអាម៉េរិក គឺមិនបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា នោះទេ ដ្បិតចរន្តសេដ្ឋកិច្ចកម្ពុជា ប្រមាណ៧០% ទៅ៨០% ត្រូវបានប្រើប្រាស់ជាប្រាក់ដុល្លារអាម៉េរិក។ ផ្ទុយទៅវិញអ្នកជំនាញរូបនេះមើលឃើញថា និន្នាការឡើងថ្លៃ នៃប្រាក់ដុល្លារអាម៉េរិកនាពេលនេះ គឺជាឱកាសចំណេញសម្រាប់វិស័យនាំចេញ ព្រោះការទិញវត្ថុធាតុដើមក្នុងស្រុកខ្លះអាចធ្វើជាប្រាក់រៀល ប៉ុន្តែការលក់ចេញទៅក្រៅប្រទេសទទួលបានជាប្រាក់ដុល្លារដែលមានតម្លៃខ្ពស់។ ទោះជាយ៉ាងណាអ្នកជំនួញរូបនេះលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ប្រាក់រៀល ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។
ស្រដៀងគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា ដោយសារកម្ពុជា ជាប្រទេសប្រើប្រាស់ប្រាក់ដុល្លារច្រើននៅក្នុងចរន្តសេដ្ឋកិច្ច ដូច្នេះនៅពេលដែលតម្លៃប្រាក់ដុល្លារកើនឡើងខ្ពស់ គឺមិនបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច ដូចប្រទេសដែលប្រើប្រាស់រូបិយបណ្ណជាតិសុទ្ធនោះទេ។ កត្តានេះបានផ្តល់លទ្ធភាពឱ្យកម្ពុជា មានសាច់ប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់ការទូទាត់ទំនិញនាំចូល និងអាចទាញផលចំណេញពីការហូរចូល នៃរូបិយបណ្ណបរទេស តាមរយៈការនាំចេញ ការវិនិយោគផ្ទាល់ពីបរទេស និងវិស័យទេសចរណ៍។
ជាមួយគ្នានេះ លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុ្កកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះមិនទាន់អាចវាយតម្លៃពីឥទ្ធិពល នៃការប្រែប្រួលឡើងចុះនៃតម្លៃប្រាក់ដុល្លារអាម៉េរិកមកលើសេដ្ឋកិច្ចកម្ពុជា នៅឡើយទេ។ យ៉ាងណាមិញអ្នកជំនាញរូបនេះអះអាងថា ប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា នៅតែមានរឹងមាំ ដោយសារប្រជាជនកម្ពុជា មានទំនុកចិត្តខ្ពស់ទាំងទៅលើប្រាក់ដុល្លារអាម៉េរិក និងប្រាក់រៀល។
គួរបញ្ជាក់ថា ទោះបីជាស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពក៏ដោយ ប៉ុន្តែធនាគារជាតិនៃកម្ពុជា នៅតែបន្តជំរុញយ៉ាងសកម្មនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដើម្បីបង្កើនប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡើងនៅចំពោះមុខវិបត្តិសកលដែលមិនអាចទាយទុកជាមុនបាន៕