
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ដូណាល់ ត្រាំ បាននិយាយពាក់ព័ន្ធនឹងពន្ធសម្រាប់ប្រទេសឥណ្ឌាថា សហរដ្ឋអាម៉េរិក ប្រហែលជាយកពន្ធពី២០% ទៅ២៥% លើការនាំចូលរបស់ឥណ្ឌា ប៉ុន្តែលោកមិនទាន់សម្រេចច្បាស់លាស់នោះទេ។នៅចំពោះមុខអ្នកសារព័ត៌មានលោក ត្រាំ បានចាត់ទុកឥណ្ឌាជាមិត្តដ៏ល្អ ប៉ុន្តែឥណ្ឌាបានគិតពន្ធជាមូលដ្ឋានលើការនាំចូលទំនិញរបស់សហរដ្ឋអាម៉េរិកស្ទើរតែច្រើនជាងប្រទេសណាៗទាំងអស់ ដូច្នេះឥណ្ឌាមិនអាចធ្វើបែបនេះទេប្រសិនបើពួកគេចង់បានពន្ធទាបពីអាម៉េរិក។
មកទល់ពេលនេះ គេមិនទាន់ឃើញរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) ចេញមកឆ្លើយតបណាមួយចំពោះបញ្ហានេះនៅឡើយទេ។ ប៉ុន្តែអត្រាពន្ធ២០% ឬខ្ពស់ជាងនេះនឹងក្លាយជាការខកចិត្តមួយសម្រាប់ប្រទេសឥណ្ឌា ដែលបាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងល្អប្រសើរមួយក្នុងអត្រាពន្ធ១៩% ដូចដែលលោក ត្រាំ បានប្រកាសផ្តល់ ឱ្យប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនដូច្នេះដែរ។
គេនៅចាំបានថា សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីដើមខែកក្កដា នេះថា សហរដ្ឋអាម៉េរិក និងឥណ្ឌា កំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដែលនឹងកាត់បន្ថយពន្ធ ដែលបានស្នើឡើងឱ្យនៅខាងក្រោម២០% ទោះបីជារដ្ឋបាលរបស់លោក ម៉ូឌី ជំទាស់នឹងការទាមទាររបស់លោក ត្រាំ សម្រាប់ការបើកចំហវិស័យកសិកម្ម និងទឹកដោះគោរបស់អាម៉េរិក ក៏ដោយ។
តំណាងពាណិជ្ជកម្មអាម៉េរិកលោក ជេមីសុន គ្រៀ (Jamieson Greer) បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាម៉េរិក ត្រូវការពេលវេលាបន្ថែមទៀតសម្រាប់កិច្ចពិភាក្សាជាមួយឥណ្ឌា ដើម្បីវាយតម្លៃពីឆន្ទៈរបស់ប្រទេសនេះក្នុងការបើកចំហទីផ្សារសម្រាប់ផលិតផលអាម៉េរិក៕
ដោយ៖ សុខ មង្គល