តាមសេចក្តីរាយការណ៍របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានឲ្យដឹងថា នៅថ្ងៃប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមឡើងដោយលោក ប្រធានាធិបតីដូណាល់ ត្រាំ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមុខជាមួយនឹងមេដឹកនាំពិភពលោកផ្សេងទៀតចំនួន២៧ប្រទេសក្នុងនាមជាសមាជិកស្ថាបនិក ខណៈដែលថៃបង្ហាញវត្តមាននៅក្នុងនាមជាសមាជិកសង្កេតការណ៍ រួមជាមួយនឹងប្រទេសចំនួន២២ផ្សេងទៀត។
នៅអំឡុងពេលថ្លែងសុន្ទរកថា និងបាននិយាយដល់ឈ្មោះ សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ដូណាល់ ត្រាំ បានបង្ហាញពីការកត់សម្គាល់ជាពិសេស និងអបអរសាទរចំពោះចូលរួមរបស់សម្តេចធិបតី ហើយលោកត្រាំ ក៏បានឆ្លៀតលើកឡើងអំពីកិច្ចការកិច្ចខិតខំប្រឹងប្រែងរបស់លោកពាក់ព័ន្ធនឹងសន្តិភាព ដែលលោកបានផ្តួចផ្តើមនៅក្នុងការដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជានិងថៃផងដែរ។
លោកត្រាំ បានចាត់ទុកសង្គ្រាមរវាងកម្ពុជា និងថៃ គឺជា «អ្នកប្រយុទ្ធដ៏គួរឱ្យខ្លាច» (Nasty Fighters) ដែលសម្ដៅលើការប្រយុទ្ធ ដែលប្រើប្រាស់គ្រប់ល្បិចកល ដើម្បីយកឈ្នះ ដោយមិនខ្វល់អំពីច្បាប់ទម្លាប់នោះឡើយ។ ទោះយ៉ាងណា លោកត្រាំក៏បានកោតសរសើរ អំពីការវិលរកតុចរចារវាងភាគីជម្លោះទាំងពីរ កម្ពុជា-ថៃ ដែលលោកយល់ឃើញថា ជារឿងមួយដ៏អស្ចារ្យ និងសឹងតែមិនគួរឱ្យជឿ ហើយពេលនេះ គេគ្រប់គ្នាកំពុងតែតាមមើលស្ថានការណ៍នេះ។
ពាក់ព័ន្ធជម្លោះជាមួយប្រទេសថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់សារព័ត៌មានអន្តរជាតិធំៗជាបន្ដបន្ទាប់រួមទាំង Reuters និង Fox News ថា ឥឡូវនេះ នៅពេល ដែលកងទ័ពឈប់ប្រយុទ្ធ កងទ័ពថៃបានកាន់កាប់ទឹកដីមួយចំនួនរបស់កម្ពុជា ដោយយកទូកុងតឺន័រ និងរាយលួសបន្លាព័ទ្ធយកដីទាំងនោះ ហើយហាមឃាត់ពលរដ្ឋស៊ីវិលរបស់កម្ពុជារាប់ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញផងដែរ។
សម្តេចធិបតី បានចាត់ទុកសកម្មភាពរបស់យោធាថៃនេះ គឺបាននិងកំពុងតែរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយជាការអនុវត្តខុសពីសេចក្តីថ្លៃការណ៍រួមរវាងប្រទេសទាំងពីរ។
សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ជំហររបស់កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយ និងការសន្ទនាដោយសន្តិវិធី ពីព្រោះកម្ពុជាមិនជឿថា សង្គ្រាមមិនអាចបញ្ឈប់សង្គ្រាមបាន ប្រកបដោយនិរន្តរភាព ឬស្ថិរភាពនោះទេ ហើយបានជំរុញឲ្យថៃត្រលប់ទៅរកការអនុវត្តតាមអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់៕
ដោយៈ សរ សុជាតិ