
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងនៅលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃសៅរ៍ថា កម្ពុជា និងថៃត្រូវតែអនុវត្តឲ្យបាននូវបទឈប់បាញ់ បើមិនដូច្នេះទេ ប្រទេសទាំងពីរនឹងមិនមានឱកាសទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិកឡើយ។ មកដល់ពេលនេះកម្ពុជា និងថៃកំពុងរងគំនាបពន្ធនាំចូលទៅកាន់ទីផ្សារអាម៉េរិកចំនួន៣៦%ដូចគ្នា ហើយក៏កំពុងខិតខំចរចា ដើម្បីបន្តបញ្ចុះពន្ធបន្ថែមទៀត ស្របពេលដែលប្រទេសនានានៅក្នុងតំបន់ដូចជាឥណ្ឌូនេស៊ី ហ្វីលីពីនទទួលបានការបញ្ចុះពន្ធនាំចូលមកនៅត្រឹម១៩% ហើយវៀតណាម២០%ជាដើម។
ទន្ទឹមនឹងការដាក់សម្ពាធនេះលោក ត្រាំ បានអំពាវនាវឱ្យភាគីទាំងពីរទទួលយកបទឈប់បាញ់ និងបញ្ចប់សង្រ្គាមក្រោមការសម្របសម្រួលរបស់ខ្លួន ខណៈបច្ចុប្បន្នសហរដ្ឋអាម៉េរិកកំពុងចរចាពាណិជ្ជកម្មជាមួយទាំងថៃ និងកម្ពុជា។ លោក ត្រាំ បានអះអាងថា លោកកំពុងព្យាយាមសម្រួលស្ថានភាពសង្គ្រាមដ៏ស្មុគស្មាញឲ្យមានភាពធូរស្រាល ក្រោយមនុស្សជាច្រើនបានបាត់បង់ជីវិតក្នុងសង្រ្គាមនេះ។ ការណ៍នេះបានធ្វើឱ្យលោកនឹងឃើញដល់ជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ដែលត្រូវបានបញ្ឈប់ដោយជោគជ័យ៕
ដោយៈ សរ សុជាតិ