ក្រុមប្រឹក្សាសន្តិភាពអចិន្ត្រៃយ៍នេះ ជាស្ថាប័នអន្តរជាតិមួយ ដែលត្រូវបានគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស។
លោកដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងអង្គុយលើកៅអីប្រធានក្រុមប្រឹក្សាសន្តិភាព ដែលមានអំណាចក្នុងការជ្រើសរើសសមាជិក និងមានសិទ្ធិអនុម័តលើការសម្រេចចុងក្រោយនានា បើទោះបីជាការសម្រេចចិត្តអាស្រ័យលើសំឡេងភាគច្រើនក៏ដោយ។ បើយោងតាមធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព រដ្ឋជាសមាជិក មានអាណត្តិ៣ឆ្នាំ។ ប៉ុន្ដែ បើចង់បានអាសនៈអចិន្ត្រៃយ៍នៅក្រុមប្រឹក្សានេះ តម្រូវឱ្យប្រទេសនានា បង់វិភាគទាន១ពាន់លានដុល្លារនៅអំឡុងឆ្នាំដំបូង។
មន្ត្រីអាម៉េរិកម្នាក់បានប្រាប់សារព័ត៌មាន CNBC ថា ការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពមិនមានការបង់ប្រាក់ទេ ប៉ុន្តែការចូលរួមវិភាគទាន១ពាន់លានដុល្លារនេះ នឹងទទួលបានឋានៈជាសមាជិកអចិន្ត្រៃយ៍។ ភារកិច្ចរបស់ក្រុមប្រឹក្សានេះ គឺកសាងតំបន់ហ្គាហ្សាទាំងមូលឡើងវិញ ហើយថវិកាដែលទទួលបានពីការបង់ថ្លៃសមាជិកភាពអចិន្ត្រៃយ៍ នឹងត្រូវចំណាយលើភារកិច្ចនេះ។
បច្ចុប្បន្នលោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំពិភពលោកមួយចំនួនដូចជា លោកនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខារនី (Mark Carney) និងប្រធានាធិបតីអាហ្សង់ទីនលោក ហ្សាវីយ៉េ ម៉ៃលី (Javier Milei) ឱ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព សម្រាប់តំបន់ហ្គាហ្សានេះរួចហើយ។ ជាមួយគ្នានេះ ប្រទេសជាច្រើនទៀតដូចជា ហុងគ្រី ឥណ្ឌា ហ្ស៊កដានី ក្រិក ស៊ីប និងប៉ាគីស្ថាន ក៏បានបញ្ជាក់ពីការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែរ។ បញ្ជីឈ្មោះប្រទេសជាសមាជិករបស់ក្រុមប្រឹក្សានេះត្រូវបានគេរំពឹងថា សហរដ្ឋអាម៉េរិកនឹងប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ៕
អត្ថបទៈ សួន ឡង់ទី