វេទិកាសេដ្ឋកិច្ចពិភពលោក

លោក ដូណាល់ ត្រាំ នឹងដឹកនាំគណៈប្រតិភូមួយក្រុមធំមិនធ្លាប់មានទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅសប្ដាហ៍ក្រោយ


ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ នឹងដឹកនាំគណៈប្រតិភូអាម៉េរិកមួយក្រុមធំ ដែលមានសមាសភាពច្រើនបំផុតមិនធ្លាប់មានទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស នៅសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមពីបណ្ដាឥស្សរជននយោបាយ ធុរកិច្ច និងវប្បធម៌មកពីជុំវិញពិភពលោក។ នេះបើយោងតាមអ្នករៀបចំវេទិកា ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៩-២៣ មករា ឆ្នាំ២០២៦ នេះ។
វេទិកាសេដ្ឋកិច្ចពិភពលោក
ដោយ

វេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឱ្យដឹងថា លោក ដូណាល់ ត្រាំ ដែលប្រកាន់យកគោលនយោបាយការបរទេសដ៏ចម្រូងចម្រាសពាក់ព័ន្ធបញ្ហាពន្ធគយបដិការ បញ្ហាវេណេស៊ុយអេឡា និងតំបន់ Greenland នោះ នឹងត្រូវអមដំណើរដោយមន្ត្រីកំពូលៗចំនួន៥រូប រួមមាន រដ្ឋមន្ត្រីការបរទេសលោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក ស្កុត បេស៊ិន (Scott Bessent) រដ្ឋមន្ត្រីពាណិជ្ជកម្មលោក ហូវើដ ឡាត់និក (Howard Lutnick) តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន ហ្គ្រៀ (Jamieson Greer) និងប្រេសិតពិសេសលោក ស្ទីវ វីតខូហ្វ (Steve Witkoff) ព្រមទាំងមន្ត្រីមួយចំនួនទៀតផងដែរ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ផ្ដើមពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៦។

លោក ប៊ច ប្រេនដេ (Borge Brende) ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានឱ្យដឹងថា អ្នកចូលរួមរហូតដល់ទៅប្រមាណ៣,០០០នាក់ មកពី១៣០ប្រទេស រួមទាំងនាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុនកំពូលៗរបស់ពិភពលោកសរុបចំនួន៨៥០រូប និងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលដល់ទៅ៦៤រូបនឹងចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោ WEF សម្រាប់ឆ្នាំ២០២៦ នេះ។ លោកបានអះអាងថា មេដឹកនាំចំនួន៦រូបក្នុងចំណោមមេដឹកនាំនៃក្រុមប្រទេស G7 រួមទាំងលោក ដូណាល់ ត្រាំ ផងនឹងចូលរួមក្នុងកិច្ចប្រជុំនេះ ហើយក៏នឹងមានវត្តមានចូលរួមពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីស៊ីរី លោក អាម៉ាត់ អាល់-សារ៉ា (Ahmad al-Sharaa) គណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហឺ លីហ្វឹង (He Lifeng) ដែលជាមន្ត្រីពាណិជ្ជកម្មកំពូលរបស់ទីក្រុងប៉េកាំង និងមេដឹកនាំនៃប្រទេសដទៃទៀត​។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី អឹនហ្គោហ្ស៊ី អូកុនចូ-អ៊ីវេឡា (Ngozi Okonjo-Iweala) ក៏ដូចជាមហាសេដ្ឋីឧស្សាហកម្មបច្ចេកវិទ្យាដូចជា លោក ជេនស៊ឹន ហ័ន (Jensen Huang) ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងលោក សត្យា ណាដេលឡា (Satya Nadella) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft ក៏នឹងចូលរួមវេទិកានេះដែរ​៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦

ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្…

អតីតកងទ័ពជើងទឹកអាម៉េរិកម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២០០ខែពីបទលក់ទិន្នន័យនាវាចម្បាំងឱ្យចារកម្មចិន

អតីតកងទ័ពជើងទឹកអាម៉េរិកម្នាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២០០ខែ ឬជាង១៦ឆ្នាំ ពីបទលក់សៀវភៅណែនាំបច្ចេកទេស និងប្រព័ន្ធប្រតិបត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ