
លោក ដូណាល់ ត្រាំ បានព្រមានថា នៅត្រឹមថ្ងៃទី៩ ខែកក្កដា ប្រទេសមួយចំនួនអាចប្រឈមនឹងការបង់ពន្ធខ្ពស់រហូតដល់៥០% បើប្រៀបធៀបនឹងអត្រាពន្ធបណ្តោះអាសន្ននាពេលបច្ចុប្បន្នត្រឹមតែ១០% លុះត្រាតែប្រទេសទាំងនោះឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាម៉េរិក។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent បាននិយាយថា មានតែលោក ដូណាល់ ត្រាំ ប៉ុណ្ណោះ ដែលអាចសម្រេចចិត្តបានលើការពន្យារឱសានវាទនេះ ប៉ុន្តែលោករំពឹងថាប្រទេសនានានឹងឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក ជាបន្តបន្ទាប់។ ទោះយ៉ាងណា ប្រសិនបើការចរចាជាប់គាំង ប្រទេសនានា អាចប្រឈមមុខនឹងអត្រាពន្ធពេញលេញដែលបានប្រកាសកាលពីអំឡុងខែមេសា។
លោក ដូណាល់ ត្រាំ ក៏បានត្អូញត្អែរជាថ្មីដែរថា ការធ្វើពាណិជ្ជកម្មរថយន្តរបស់ជប៉ុន ជាមួយអាម៉េរិក គឺអយុត្តិធម៌ដោយជប៉ុន មានប្រៀបលើសហរដ្ឋអាម៉េរិក។ ប្រធានក្រុមចរចាខាងភាគីជប៉ុន បាននិយាយថា ពួកគេនឹងបន្តធ្វើការចរចាបន្ថែមទៀត ប៉ុន្តែបានព្រមានថា ពន្ធខ្ពស់លើរថយន្តជប៉ុននឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាម៉េរិក។
សូមបញ្ជាក់ថា សម្ពាធកំពុងកើនឡើងកាន់តែខ្លាំងនៅមុនឱសានវាទពន្ធបដិការថ្មីរបស់សហរដ្ឋអាម៉េរិក ដែលនឹងចូលជាធរមាននៅត្រឹមថ្ងៃទី៩ ខែកក្កដា ដ៏ខ្លីខាងមុខនេះ ដែលអាចធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាម៉េរិក មានការប្រែប្រួល៕
ដោយ: តែម សុខុម