
យ៉ាងណាមិញអ្នកតាមដានស្ថានការណ៍គាំទ្រឱ្យមានការដាក់ពង្រាយនគរបាលចរាចរណ៍ចាំផាកពិន័យឡើងវិញ ព្រោះពួកគេសង្កេតឃើញថា ក្រោយគ្មានមន្ត្រីនគរបាលចរាចរណ៍ឈរចាំផាកពិន័យនៅតាមស្តុប ការបើកបររបស់ពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍នោះទេ ដែលធ្វើឱ្យការបើកបរហាក់បាត់សណ្តាប់ធ្នាប់។ តែយ៉ាងណាអ្នកជំនាញលើកទឹកចិត្តឱ្យមន្ត្រីនគរបាលចរាចរណ៍គួរអនុវត្តការអប់រំជាជាងការផាកពិន័យជាប្រាក់។
លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមសង្កេតឃើញថា ក្រោយក្រសួងមហាផ្ទៃបញ្ហាឱ្យមន្ត្រីនគរបាលចរាចរណ៍ផ្អាកចាប់ផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ដោយសារបញ្ហាជម្លោះព្រំដែន អ្នកបើកបរមួយចំនួនធំមិនបានគោរពច្បាប់ចរាចរណ៍នោះទេ។ កត្តានេះបានជំរុញឱ្យអ្នកជំនាញរូបនេះ គាំទ្រឱមានការដាក់ពង្រាយមន្ត្រីនគរនៅតាមស្តុបចាំចាប់ផាកពិន័យឡើងវិញ។ តែយ៉ាងណាលោកស្នើដល់មន្រ្តីនគរបាលចរាចរណ៍គួរតែយកថវិកា ដែលបានមកពីការផាកនោះទៅជួយដល់សមរភូមិជួរមុខ ដែលកំពុងជួបការលំបាកពីការឈ្លានពានយ៉ាងគឃ្លើនរបស់ក្រុមយោធាថៃ។
ដោយឡែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មិនលើកទឹកចិត្តឱ្យមន្ត្រីនគរបាលចរាចរណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយការផាកពិន័យជាទឹកប្រាក់សម្រាប់អ្នកបើកបរល្មើសច្បាប់ចរាចរណ៍នោះទេ ពោលគឺលោកចង់ឱ្យអប់រំជាជាងការផាកពិន័យជាប្រាក់។ ជាមួយគ្នានេះអ្នកជំនាញរូបនេះ ចង់ឃើញមន្ត្រីនគរបាលចរាចរណ៍ឈរនៅតាមស្តុប និងគោលដៅណាមួយផ្តោតលើការជួយសម្រួលចរាចរណ៍របស់ពលរដ្ឋជាជាងចាំតែចាប់ផាកពិន័យ។
បើតាមឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងក្នុងបទសម្ភាស៍មួយថា បច្ចុប្បន្នចំនួនអ្នកធ្វើដំណើរដោយម៉ូតូនៅតាមដងផ្លូវសាធារណៈចន្លោះពី៣០% ទៅ៤០%មិនមានពាក់មួកសុវត្ថិភាពនោះទេមិនថាពេលយប់ ឬថ្ងៃនោះទេ ដែលវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងពិការ ដោយសារសាកល្បងមិនឱ្យចាប់ផាកពិន័យ ដោយគ្រាន់តែណែនាំនេះ។ បើតាមអគ្គស្នងការរងរូបនេះ លោកសុខចិត្តទទួលរងការរិះគន់ តែលោកចង់បានមកវិញនូវស្ថិរភាពក្នុងសង្គម ភាពសុខសាន្ត សុខុដុមរមនា ទាំងអាយុជីវិត សម្ភារៈមធ្យោបាយ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរួមរបស់សាធារណៈ។ គួរបញ្ជាក់ថា កាលពីកន្លងទៅក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយដោយសម្រេចឱ្យផ្អាកជាបណ្ដោះអាសន្ននូវការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករហូតដល់មានការបញ្ជាក់សាជាថ្មី៕
អត្ថបទដោយ៖ ជា ម៉ារ៉ា