អាជ្ញាធរក្រុងឌូបៃ

អាជ្ញាធរក្រុងឌូបៃបើកឱ្យពលរដ្ឋអញ្ជើញសាច់ញាតិ និងមិត្តភក្តិឱ្យមកកម្សាន្តនៅទីក្រុងឌូបៃជាមួយការផ្តល់កញ្ចប់លើកទឹកចិត្តពិសេស


កញ្ចប់ប្រូម៉ូសិន និងអត្ថប្រយោជន៍ពិសេសៗជាង៣ម៉ឺនកញ្ចប់ ត្រូវបានផ្ដល់ជូនជាផ្លូវការរួចរាល់ហើយ ក្រោមយុទ្ធនាការលើកទឹកចិត្តពលរដ្ឋនៅទីក្រុងឌូបៃ ឱ្យអញ្ជើញក្រុមគ្រួសារ និងមិត្តភក្តិជុំវិញពិភពលោកមកកម្សាន្តនៅទីក្រុងទំនើបមួយនេះ។ កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងលើសពីការរំពឹងទុក ដោយមានពលរដ្ឋដាក់ពាក្យស្នើសុំជិត៩ម៉ឺនច្បាប់ ដែលបង្ខំឱ្យអាជ្ញាធរសម្រេចបិទការចុះឈ្មោះជាបណ្តោះអាសន្ន។
អាជ្ញាធរក្រុងឌូបៃ
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euronews ទីក្រុងឌូបៃបានប្រកាសបិទទទួលពាក្យសម្រាប់យុទ្ធនាការអញ្ជើញមកលេងឌូបៃ ឬ A Dubai Invite ក្រោយទទួលបានពាក្យស្នើសុំជិត៩០,០០០ច្បាប់ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់។ យុទ្ធនាការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជូននូវកញ្ចប់បញ្ចុះតម្លៃ និងអត្ថប្រយោជន៍ពិសេសៗជាច្រើនដល់ពលរដ្ឋណាដែលបបួលសាច់ញាតិ ឬមិត្តភក្តិពីបរទេសឱ្យមកទស្សនានៅប្រទេសមួយនេះ។
គំនិតផ្តួចផ្តើមដែលបានចាប់ផ្តើមតាំងពីខែកក្កដា នេះ បានបណ្តុះស្មារតីឱ្យពលរដ្ឋអារ៉ាប់រួមទាំងអស់ដើរតួជាទូតសុច្ឆន្ទៈទេសចរណ៍តំណាងឱ្យទីក្រុងឌូបៃ ក្នុងការទទួលស្វាគមន៍មនុស្សជាទីស្រឡាញ់របស់ពួកគេ។ អ្នកចូលរួមមានឱកាសទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានតម្លៃសរុបជាង៨០០ដុល្លារអាម៉េរិករួមមានការបញ្ចុះតម្លៃលើការស្នាក់នៅសណ្ឋាគារ ការញ៉ាំអាហារ និងសំបុត្រចូលទស្សនាតំបន់ទេសចរណ៍ល្បីៗជាច្រើនដោយឥតគិតថ្លៃ ឬក្នុងតម្លៃពិសេស។
នាយកដ្ឋានសេដ្ឋកិច្ច និងទេសចរណ៍ឌូបៃបានគូសបញ្ជាក់ថា ការគាំទ្រយ៉ាងខ្លាំងក្លាលើសពីការរំពឹងទុកនេះបានជំរុញឱ្យអាជ្ញាធរ និងដៃគូសហការ សម្រេចដំឡើងចំនួនកញ្ចប់សេវាកម្មរហូតដល់ទៅជាង៣ដង។ ទោះបីជាការចុះឈ្មោះថ្មីត្រូវបិទបញ្ចប់ក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលបានចុះឈ្មោះជោគជ័យកន្លងមកកម្មវិធីនេះនៅតែបន្តអនុវត្តជាធម្មតា។
ភ្ញៀវទេសចរដែលទទួលបានសិទ្ធិ អាចធ្វើដំណើរមកកាន់ទីក្រុងឌូបៃ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដោយតម្រូវឱ្យធ្វើដំណើរផ្ទាល់ចេញពីក្រៅប្រទេសអារ៉ាប់រួម។ កញ្ចប់អត្ថប្រយោជន៍ នឹងត្រូវប្រគល់ជូនដល់អ្នកដាក់ពាក្យស្នើសុំក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីភ្ញៀវទេសចរបានមកដល់ ហើយអាចយកទៅប្រើប្រាស់នៅតាមទីតាំងដៃគូរហូតដល់ថ្ងៃទី៣១ ខែធ្នូ។
ការដាក់ចេញយុទ្ធនាការបែបនេះរបស់ទីក្រុងឌូបៃ ធ្វើឡើងក្នុងគោលបំណង ដើម្បីរក្សាកំណើនភ្ញៀវទេសចរអន្តរជាតិ ដែលទាក់ទាញបានរហូតដល់ជាង១៩លាននាក់កាលពីឆ្នាំ២០២៥។ ប៉ុន្តែនៅឆ្នាំ២០២៦ នេះ វិស័យទេសចរណ៍របស់ទីក្រុងឌូបៃ ជួបប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសជម្លោះរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលកំពុងរំខានដល់ជើងហោះហើរ និងវិស័យអាកាសចរណ៍នៅទូទាំងតំបន់ឈូងសមុទ្រ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


វិស័យ​ឯកជនស្នើឱ្យរដ្ឋបង្កើនការលើកលែងទិដ្ឋាការ និងតភ្ជាប់ជើងហោះហើរត្រង់ ដើម្បីស្តារវិស័យទេសចរណ៍

វិស័យទេសចរណ៍កម្ពុជា កំពុងរងការបោកបក់ពីបញ្ហាប្រឈមជាច្រើនទាំងឥទ្ធិពលខាងក្រៅ និងខាងក្នុង ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តនៅកម្ពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ