លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន បានឱ្យដឹងថា ភ្លៀងកក់ខែដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុនាពេលកន្លងមកបានធ្វើឱ្យចម្ការទុរេនមួយចំនួនរងផលប៉ះពាល់យ៉ាងខ្លាំង ដោយធ្វើឱ្យជ្រុះផ្កា ដែលទាញទាញទម្លាក់ទិន្នផលនាពេលខាងមុខ។ បើតាមអ្នកជំនាញរូបនេះ ម្ចាស់ចម្ការទុរេនមួយចំនួនអាចស្ដារផលប៉ះពាល់ឡើងវិញបានខ្លះ ប្រសិនបើពួកគេមានការគ្រប់គ្រងទឹកបានល្អទាំងនៅមុនពេល និងក្រោយពេលមានភ្លៀងធ្លាក់។ បន្ថែមពីនេះ កសិករត្រូវចេះប្រើប្រាស់ជីថ្នាំកសិកម្មតាមបច្ចេកទេសទៅតាមការប្រែប្រួលអាកាសធាតុ បើពុំដូច្នោះទេ កសិករនឹងប្រឈមហានិភ័យក្នុងការខាតបង់ថវិកា។
ជាមួយគ្នានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងដែរថា ការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានភ្លៀងកក់ខែនាពេលថ្មីៗនេះ បានធ្វើឱ្យដំណាំស្វាយចន្ទីជាច្រើនរងការខូចខាត។ បើតាមអ្នកជំនាញរូបនេះ មកដល់ពេលនេះពុំទាន់មានការវាយតម្លៃពីការខូចខាតនៅក្នុងកម្រិតណានៅឡើយទេ ខណៈមកទល់ពេលនេះការប្រមូលផលគ្រាប់ស្វាយចន្ទីទើបសម្រេចបានតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យឈ្មួញហ៊ានទិញគ្រាប់ស្រស់ក្នុងតម្លៃរហូតដល់៧ពាន់រៀលក្នុង១គីឡូក្រាម។
ទន្ទឹមនឹងនេះប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញក្តីបារម្ភថា ប្រសិនបើវិបត្តិអាកាសធាតុនៅតែបន្តរំខានដល់ខ្សែច្រវាក់ផលិតកម្ម បែបនេះបន្តទៀតនោះ ទិន្នផលស្វាយចន្ទីកម្ពុជានៅឆ្នាំ២០២៦ អាចនឹងប្រឈមនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ នេះគឺជាសញ្ញាព្រមានមួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទាំងផ្នែកបច្ចេកទេសដាំដុះ និងយន្តការគាំទ្រសេដ្ឋកិច្ច ដើម្បីការពារប្រាក់ចំណូលរបស់កសិករ និងស្ថិរភាពនៃការនាំចេញ៕
អត្ថបទ៖ បូ ដូឡា