ជំនួបនេះបានបង្កើតវេទិកាដ៏សកម្មមួយសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យម ក្នុងការចែករំលែកចំណេះដឹង ពិភាក្សា និងកសាងបណ្ដាញអាជីវកម្មជាមួយធនាគារ អ្នកវិនិយោគ និងប្រតិបត្ដិករទីផ្សារ ដើម្បីទទួលបាន នូវចំណេះដឹងជាក់ស្តែង អំពីការត្រៀមខ្លួនសម្រាប់ការនាំចេញ, ឧត្ដមានុវត្ដន៍សម្រាប់ត្រៀមខ្លួនយកប្រាក់កម្ចីឬទុនវិនិយោគយកភាគហ៊ុន, និងការបង្កើតអត្តសញ្ញាណ ឬកេរ្ដិ៍ឈ្មោះរបស់សហគ្រិន ដើម្បីលើកកម្ពស់ភាពជឿជាក់ ពង្រឹងសមត្ថភាព និងបង្ហាញសក្តានុពល នៃអាជីវកម្មរបស់ខ្លួនដល់ដៃគូអាជីវកម្ម ធនាគារ និងវិនិយោគិន។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖
“រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បន្តអនុវត្តបេសកកម្ម ក្នុងការគាំទ្រ និងលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពលនៅតាមបណ្តាខេត្ត ដោយផ្តល់វេទិកាសម្រាប់ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយផ្សារទំនើបធំៗ, ស្ថាប័នហិរញ្ញវត្ថុ, និងក្រុមវិនិយោគិន។ គោលការណ៍នេះ មានគោលបំណងបន្តពង្រឹងសមត្ថភាព និងស្តង់ដារនៃផលិតផលឬសេវាកម្ម របស់សហគ្រាស ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។”
លោកស្រី វាល អេឡែន, សហស្ថាបនិកនៃអេនធើប្រាយវិហ្សិនអាខេដេមី បានសង្កត់ធ្ងន់ថា៖ “សហគ្រិនជាច្រើនតែងតែប្រឈមមុខនឹងភាពឯកោ និងការខ្វះបណ្ដាញគាំទ្រ។ E-Friends ដែលទទួលបានការ គាំទ្រពីសហគ្រិនខ្មែរ ជាកន្លែងដ៏កក់ក្ដៅសម្រាប់សហគ្រិនតាមបណ្ដាខេត្តក្នុងការភ្ជាប់ទំនាក់ទំនង ចែករំលែកបញ្ហា ប្រឈម និងរីកចម្រើនរួមគ្នា។ ក្រៅពីការរីកចម្រើនផ្នែកអាជីវកម្ម វាបានជួយបង្កើនការជឿជាក់ គាំទ្រផ្លូវចិត្ត និងការរៀនសូត្របន្ត ដែលជួយឲ្យសហគ្រិនមានភាពធន់ និងអាចប្រកួតប្រជែងដោយភាពជឿជាក់ នៅក្នុង ទីផ្សារ។”
កម្មវិធីនេះមានការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗមកពីវិស័យសាធារណៈនិងឯកជនរួមមាន, ផ្សារអុីអន, ផ្សារឡាក់គី, ធនាគារ ឈីហ្វ, ធនាគារ ជីប ម៉ុង, តំណាងសមាគមភស្ដុភារកម្មកម្ពុជា, តំណាងវិនិយោគិន, និងសហគ្រាសធុនតូចនិងមធ្យម ជាច្រើនទៀត។
កម្មវិធី ជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន គឺជាផ្នែកមួយនៃ យុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៥ ដែលផ្តួចផ្តើមឡើងដោយ សហគ្រិនខ្មែរ។ យុទ្ធនាការនេះ គឺជាស៊េរីនៃកម្មវិធីស្នូលប្រចាំឆ្នាំសំខាន់ៗរបស់សហគ្រិនខ្មែរ ដែលនឹងធ្វើការប្រព្រឹត្តទៅបណ្តាក់គ្នា — ចាប់ពីការប្រកួតប្រជែងគំនិតអាជីវកម្ម, ការប្រកួត គំរូអាជីវកម្មធុរកិច្ចថ្មី និងសហគ្រាសធុនតូច និង មធ្យម រហូតដល់កិច្ចប្រជុំ, សិក្ខាសាលា និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ។