នាថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលស្តីពីការលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលយ៉ាងឆាប់រហ័យនៃបរិបទសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ ឯកឧត្តមបានចាត់ទុកកម្មវិធីនេះថា ជាសក្ខីភាពនៃការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចជាតិ ទោះបីជាស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិពន្ធគយ និងភាពមិនប្រាកដប្រជាខ្ពស់នៃភូមិសាស្ត្រនយោបាយសកលក៏ដោយ។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានចាត់ទុកកម្មវិធីខាងលើ គឺជាតម្រាយផ្លូវដ៏សំខាន់សម្រាប់វិស័យឯកជនក្នុងការតម្រង់ទិសអាជីវកម្ម និងបង្កើនសមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលសកល។ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងមានផែនការគាំទ្រពីថ្នាក់ដឹកនាំ វិស័យឯកជនខ្លួនឯង ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសក្ដានុពលរបស់ខ្លួនឱ្យកាន់តែខ្លាំង ដើម្បីទប់ទល់នឹងហានិភ័យនានា។
សូមបញ្ជាក់ថា កម្មវិធីយុទ្ធសាស្ត្រនេះត្រូវបានបែងចែកជា៣សសរស្តម្ភធំៗរួមមានកម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលខ្លីទៅមធ្យមដោយមានការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ ដើម្បីគាំពារកំណើនសេដ្ឋកិច្ច, កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលមានលក្ខណៈជារចនាសម្ព័ន្ធ និងកម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលរបបពាណិជ្ជកម្មអន្តរជាតិតាមរយៈការជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសទីផ្សារនាំចេញ ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការឆ្លើយតប្រកបដោយភាពបុរេសកម្មសំដៅចាប់យកកាលានុវត្តភាពថ្មី ក្នុងបរិការណ៍ដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩៕