យ៉ាងណាមិញក្រុមអ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានភាពរីកចម្រើនបន្ថែមនៅឆ្នាំ២០២៦ នេះ បើទោះបីស្ថានភាពពិភពលោកកំពុងរងសម្ពាធពីការបាត់បង់សណ្តាប់ធ្នាប់ពិភពលោកក៏ដោយ។ សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ជាង ៥% ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ទោះបីឆ្នាំ២០២៥ កម្ពុជា ជួបវិបត្តិសង្គ្រាមជាមួយថៃ ហើយការធ្វើពាណិជ្ជកម្មឆ្លងដែនមានការថមថយ តែសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាន តាមរយៈកំណើននាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ តែយ៉ាងណាអ្នកជំនាញរូបនេះបានអះអាងថា ការបែងចែកចំណូលក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ហាក់មានភាពមិនស្នើគ្នានៅឡើយ ខណៈវិស័យមួយចំនួនដូចជាកសិកម្ម និងការលក់រាយបានរងផលប៉ះពាល់ច្រើនដោយសារបញ្ហាសង្រ្គាមកម្ពុជា-ថៃ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ ទំនងជាមិនមានការប្រែប្រួលនោះទេ បើធៀបនឹងឆ្នាំ២០២៥ បើទោះបីបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងសម្ពាធពីការបាត់បង់សណ្តាប់ធ្នាប់ពិភពលោកក៏ដោយ។ អ្នកជំនាញរូបនេះយល់ថា ក្នុងកាលៈទេសៈនេះរាជរដ្ឋាភិបាលត្រូវបន្តជំរុញការគាំទ្រ និងលើកទឹកចិត្តបន្ថែមឱ្យបានខ្ពស់ដល់ផលិតកម្មក្នុងស្រុក និងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក្រោយរងការខូចខាតដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែបន្តមានការរីកចម្រើនប្រកបដោយស្ថិរភាពនៅឆ្នាំ២០២៥ កន្លងទៅនេះ ដែលភាគច្រើនត្រូវបានគាំទ្រដោយវិស័យឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ វិស័យសេវាកម្ម និងកសិកម្ម បើទោះបីកម្ពុជា បានជួបបញ្ហាប្រឈមជាច្រើនទាំងខាងក្រៅ និងខាងក្នុងក៏ដោយ។ អ្នកជំនាញរូបនេះបានចាត់ទុកការទទួលបានគម្រោងវិនិយោគថ្មីៗយ៉ាងច្រើននៅក្នុងឆ្នាំ២០២៥ វាបានសបញ្ជាក់ឱ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានវាយតម្លៃថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ នៅតែរក្សាបានភាពធន់ និងការរីកចម្រើនរបស់ខ្លួន បើទោះបីជាកំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៥ មានកម្រិតទាបជាងឆ្នាំ២០២៤ យ៉ាងណាក្តី។ ការវាយតម្លៃបែបនេះក៏ដោយសារអត្រាអតិផរណាក្នុងឆ្នាំ២០២៥ នៅតែរក្សាបានក្នុងកម្រិតទាប ហើយកម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីច្រើនរហូតដល់ប្រមាណ៦៣០គម្រោងជាមួយទុនប្រមាណ១០ពាន់លានដុល្លារ ។
គួរជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗនេះបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី ៦,១% មកនៅត្រឹម៤,៩% សម្រាប់ឆ្នាំ២០២៥ និងពី ៦,២% មកនៅត្រឹម៥%សម្រាប់ឆ្នាំ២០២៦ ដែលនេះបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក ដោយសារពន្ធគយបដិការរបស់អាម៉េរិក។ អតិផរណារបស់កម្ពុជាត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រមាណ២% ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦៕