អ្នកវិភាគឯករាជ្យ និងជាអ្នកឯកទេសជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ានរបស់ថៃ បានព្រមានថា សង្គ្រាមបញ្ឆេះឡើងដោយអាម៉េរិក និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ាបានរីកធំក្លាយជាសង្គ្រាមគ្រប់រូបភាព បន្ទាប់ពីអ៊ីរ៉ង់ បានវាយបកទៅលើមូលដ្ឋានទ័ពអាម៉េរិកក្នុងប្រទេសចំនួន១១។ យុទ្ធសាស្ត្រ ច្របាច់កសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ តាមរយៈការប្រកាសបិទច្រកសមុទ្រហ័រមូសជាផ្លូវការ ដែលធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូនសកលរងភាពរង្គោះរង្គើ ដោយសារកប៉ាល់ដឹកទំនិញមិនហ៊ានឆ្លងកាត់ ព្រោះបារម្ភពីសុវត្ថិភាព។
អ្នកវិភាគរូបនេះបានបន្តថា ប្រសិនបើការដឹកជញ្ជូនតាមផ្លូវទឹក ឬក្រុមហ៊ុនអាកាសចរណ៍ត្រូវជាប់គាំងរយៈពេល២ខែ ការនាំចេញរបស់ប្រទេសថៃ ទៅកាន់ប្រទេសចំនួន១៥ នៅមជ្ឈិមបូព៌ា ដែលមានទំហំជាមធ្យមជាង១ពាន់លានដុល្លារក្នុង១ខែនោះ អាចនឹងខាតបង់រហូតដល់ជិត២ពាន់លានដុល្លារ។
យ៉ាងណាមិញអ្នកជំនាញរូបនេះក៏បានព្រមានដែរថា ការកើនឡើងតម្លៃថាមពលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងជំរុញឱ្យតម្លៃប្រេងឥន្ធនៈលក់រាយក្នុងស្រុកថៃ កើនឡើងខ្ពស់ឈានដល់៨០បាត ឬ២,៥ដុល្លារក្នុង១លីត្រ ប្រសិនបើសង្គ្រាមរីកប៉ោងកាន់តែធំ និងអូសបន្លាយពេលយូរ ហើយពេលនោះវានឹងធ្វើឱ្យការចំណាយក្នុងការរស់នៅកើនខ្ពស់ឡើង និងអាក្រក់ទៅៗ។ ប្រសិនបើស្ថានការណ៍សង្គ្រាមនៅតែធ្ងន់ធ្ងរ នោះកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ នៅឆ្នាំនេះ អាចនឹងថយចុះមកនៅត្រឹម០,៥% ទៅ១% ទាបជាងអ្វីដែលបានព្យាករកន្លងមក ដែលរំពឹងសម្រេចបានក្នុងអត្រា២%។
ទន្ទឹមនឹងនេះ លោក បានស្នើឱ្យរដ្ឋាភិបាលថៃ បង្កើតក្រុមប្រតិបត្តិការក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងតម្លៃប្រេង និងថ្លៃចំណាយរស់នៅរបស់ពលរដ្ឋ ព្រមទាំងត្រៀមវិធានការនានា ដើម្បីគាំទ្រដល់អ្នកនាំចេញ និងគ្រប់គ្រងហានិភ័យខាងភូមិសាស្ត្រនយោបាយឱ្យបានមុន៕
អត្ថបទៈ សួន ឡង់ទី