ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលកំពុងប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា ដោយសារតែបំណុលគ្រួសារកើនឡើងដល់កម្រិតខ្ពស់ កម្រិតជីវភាពរស់នៅលំបាក “ការផ្តល់លុយ“ បានក្លាយជាគោលនយោបាយសម្រាប់គណបក្សនយោបាយធំៗនៅក្នុងប្រទេសថៃ ធ្វើជាធ្នាក់ទាក់សន្លឹកឆ្នោតពីអ្នកគាំទ្រ។ ជាក់ស្តែងគណបក្សភឿថៃ ដែលមានលោក ថាក់ស៊ីន ជាស្ថាបនិក បានបង្ហើបពីកម្មវិធីឆ្នោតផ្សងសំណាង ដែលមានរង្វាន់ធំរហូតដល់ជាង៣ម៉ឺនដុល្លារក្នុងមួយថ្ងៃសម្រាប់ពលរដ្ឋ៩នាក់ និងការសន្យាផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជិត១០០ដុល្លារដល់មនុស្សចាស់ និងជនពិការ។
ជាមួយគ្នានេះ គណបក្សភូមិចៃថៃ របស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល បានសន្យាថា នឹងបង្កើតកម្មវិធីរដ្ឋជួយចេញពាក់កណ្តាលលើការទិញអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ ចំណែកគណបក្សប្រជាជន ដែលជាបក្សប្រឆាំងធំជាងគេបានសន្យាជួយចេញថ្លៃ៥០% លើការជួលផ្ទះសម្រាប់ពលរដ្ឋប្រមាណ៥០ម៉ឺនគ្រួសារក្នុងមួយឆ្នាំ និងសន្យាផ្តល់ប្រាក់ឱ្យមនុស្សចាស់ និងឪពុកម្តាយរបស់ទារកទើបនឹងកើតចំនួន៣០ដុល្លារក្នុងមួយខែ។
ឆ្លើយតបនឹងគោលនយោបាយរបស់គណបក្សធំៗទាំងនេះ លោក វាន់វីជីត បូនរ៉ុង (Wanwichit Boonprong) សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យរាំងស៊ីតបានព្រមានថា ប្រសិនបើគណបក្សទាំងនេះឈ្នះឆ្នោត ហើយយកនយោបាយប្រជានិយមមកអនុវត្តដោយគ្មានការទទួលខុសត្រូវ នោះវានឹងរុញឱ្យបំណុលសាធារណៈកើនឡើងដល់ចំណុចគ្រោះថ្នាក់ ហើយសេដ្ឋកិច្ចថៃ ដែលកំពុងធ្លាក់ចុះស្រាប់នឹងបន្តធ្លាក់ចុះបន្ថែមទៀត។
គួររំលឹកថា គិតត្រឹមចុងឆ្នាំ២០២៥ បំណុលសាធារណៈរបស់ប្រទេសថៃ បានហក់ឡើងដល់ប្រមាណ ៤០០ពាន់លានដុល្លារ ដែលស្មើនឹងជិត៦៦% នៃផលិតផលក្នុងស្រុកសរុប។ ការបន្ថែមបន្ទុកចំណាយតាមរយៈការចែកលុយត្រូវបានគេមើលឃើញថា គឺជាការដាក់បន្ទុកសេដ្ឋកិច្ចលើកូនចៅថៃ ជំនាន់ក្រោយយ៉ាងធ្ងន់ធ្ងរបំផុត៕
ដោយៈ សរ សុជាតិ