លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា កត់សម្គាល់ឃើញថា នៅដើមឆ្នាំនេះការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ហាក់មានកំណើនតិចតួចប៉ុណ្ណោះចន្លោះពី៩%ទៅ១០% ប៉ុណ្ណោះ ដែលការកើនឡើងនេះភាគច្រើនត្រូវបានជំរុញដោយសារការប្រើប្រាស់របស់ពលរដ្ឋដែលមានជីវភាពធូរធារ មិនមែនពលរដ្ឋទូទៅនោះទេ។ បើតាមការអះអាងរបស់លោក ងន សាំង ទោះបីជាស្ថិតក្នុងស្ថានភាពតម្លៃប្រេងសាំងឡើងថ្លៃក៏ដោយ ក៏នៅមិនទាន់អាចទាក់ទាញពលរដ្ឋឱ្យមានទំនោរមកប្រើប្រាស់រថយន្តអគ្គិសនីនោះដែរ ដោយសារនៅខ្វះប្រព័ន្ធគាំទ្រជាច្រើនទៀត ពោលគឺខ្វះកន្លែងសាកថ្ម ជាងជួសជុស និងពិបាកលក់បន្តជាដើម។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងក្នុងបទសម្ភាសជាមួយសារព័ត៌មានខេមបូណូមីសថា ស្របពេលដែលតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់ រដ្ឋាភិបាលគួរផ្តល់ការលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ សម្រាប់អ្នកជំនាញរូបនេះការកើនឡើងតម្លៃប្រេងឥន្ធនៈ វាក៏ជាឱកាសមួយក្នុងការជំរុញកំណើនប្រើប្រាស់យានយន្តអគ្គិសនីផងដែរ តែទាមទារឱ្យរាជរដ្ឋាភិបាល គិតគូរបង្កើតហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យនេះកាន់តែទូលំទូលាយបន្ថែមទៀត។
បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តាមរយៈគោលនយោបាយជាតិយានយន្តអគ្គិសនីរបស់រាជរដ្ឋាភិបាល វាបានផ្តល់ជម្រើស និងសេរីភាពកាន់តែសម្បូរបែបដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់យានយន្តអគ្គិសនី ដូចជា រថយន្ត ទោចក្រយាន និងត្រីចក្រយានជាដើម។ អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា ការប្រើប្រាស់យានយន្តអគ្គិសនីអាចជួយសន្សំសំចៃប្រេងឥន្ធនៈ កាត់បន្ថយការចំណាយ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានជាដើម ហើយការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកលដែលកំពុងកើនឡើងយ៉ាងលឿន។ លោកបានសង្កត់ធ្ងន់ថា កាលពីឆ្នាំ២០១៨ មានរថយន្តអគ្គិសនីចំនួន១គ្រឿងប៉ុណ្ណោះ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែក្រោយមកការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ។
យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៥ កន្លងទៅ មានយានយន្តអគ្គិសនីជិត៨ពាន់គ្រឿងបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ រាជរដ្ឋាភិបាលដាក់គោលដៅជំរុញការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន៤០% នៅត្រឹមឆ្នាំ២០៥០ ដើម្បីឈានទៅសម្រេចបាននូវអព្យាក្រឹតកាបូន និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ ជា ម៉ារ៉ា