ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជានឹងមិនដំឡើងថ្លៃអគ្គិសនីនោះទេ ហើយកម្ពុជា ក៏មិនខ្វះថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នោះដែរ បើទោះបីតម្លៃប្រេងអន្តរជាតិ ហក់ឡើងខ្ពស់យ៉ាងណាក៏ដោយ។ បើតាមថ្នាក់ដឹកនាំរូបនេះ មកដល់ពេលនេះ កម្ពុជាបានប្រើប្រាស់ថាមពលអគ្គិសនីពីទំនប់វារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ ប្រភពអគ្គិសនីដើរដោយថាមពលឧស្ម័ន និងការតភ្ជាប់អគ្គិសនីពីប្រទេសឡាវជាដើម។
ជាមួយគ្នានេះ លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានចាត់ទុកការរក្សាស្ថិរភាពតម្លៃអគ្គិសនីរបស់កម្ពុជា នឹងផ្ដល់ទំនុកចិត្តកាន់តែខ្លាំងដល់អ្នកវិនិយោគ។ សម្រាប់លោក ខេស៊ី ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ទំនងជាមិនបង្កផលប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ប្រេងនៅកម្ពុជា នោះទេ ដោយសារមកដល់ពេលនេះ កម្ពុជា មានប្រភពផ្គត់ផ្គង់ប្រេងពីបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។
គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលកំពុងសម្រុកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគបៃតងកំពូលមួយនៅក្នុងតំបន់។ ផែនការយុទ្ធសាស្ត្ររយៈពេលវែងនេះនឹងផ្តោតសំខាន់លើការប្តូរទៅប្រើថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងហ្វូស៊ីល, ការបង្កើតការងារតាមរយៈការទាក់ទាញរោងចក្រ ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ និងការរក្សានិរន្តរភាពសេដ្ឋកិច្ច ដោយធានាថា ការរីកចម្រើនមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងទៅអនាគត។ សរុបមកការរក្សាតម្លៃអគ្គិសនីឱ្យនៅថេរ មិនត្រឹមតែជាការសម្រាលបន្ទុកជីវភាពពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបោះជំហានយុទ្ធសាស្ត្រ ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាតំបន់សុវត្ថិភាពសេដ្ឋកិច្ចក្នុងចំណោមពិភពលោក ដែលកំពុងមានភាពចលាចល៕
អត្ថបទ៖ បូ ដូឡា