វិស័យថាមពល

ស្ថានីយផលិតអគ្គិសនីដើរដោយខ្យល់តម្លៃ២០០លានដុល្លានឹងផុសត្រដែតឡើងនៅខេត្តមណ្ឌលគិរី


កម្ពុជា បានឈានជើងមួយជំហានដ៏ធំមួយទៀតក្នុងវិស័យថាមពលស្អាត បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងស្ថានីយផលិតអគ្គិសនីដើរដោយខ្យល់ ដែលមានអានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារអាម៉េរិក នៅក្នុងខេត្តមណ្ឌលគិរី។ គម្រោងនេះមិនត្រឹមតែជួយពង្រឹងការផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការឈានទៅសម្រេចគោលដៅប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០% នៅត្រឹមឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលផងដែរ។
វិស័យថាមពល
ដោយ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែមករា បានអនុម័តគម្រោងអភិវឌ្ឍស្ថានីយផលិតថាមពលអគ្គិសនីដើរដោយខ្យល់ ដែលមានអានុភាព១៥០មេហ្កាវ៉ាត់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តែយ៉ាងណា CDC មិនបានបញ្ជាក់លម្អិតទេថា គម្រោងដែលមានទំហំវិនិយោគប្រមាណ២០០លានដុល្លារនេះគ្រោងបើកការដ្ឋានសាងសង់នៅពេលណា និងគ្រោងបញ្ចប់ពេលណានោះទេ។ យ៉ាងណាមិនបើតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា កាលពីពេលថ្មីៗ ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងមានប្រភពអគ្គិសនីដើរដោយខ្យល់ចំនួន៦គម្រោង ដែលមានអានុភាពសរុបចំនួន៩០០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគីរី ក្នុងនោះគ្រោងនឹងដាក់ឱ្យដំណើរការដណាក់កាលដំបូងទំហំ១៥០មេហ្គាវ៉ាត់ នៅក្នុងឆ្នាំ២០២៦ នេះ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីពេលថ្មីៗថា ក្រៅពីខេត្តមណ្ឌលគិរី តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ក៏ជាគោលដៅយុទ្ធសាស្ត្រសម្រាប់ការដំឡើងទួរប៊ីនខ្យល់សម្រាប់ផលិតអគ្គិសនីផងដែរ។ ឯកឧត្តមបានចាត់ទុកការពង្រីកវិសាលភាពថាមពលដើរដោយកម្លាំងខ្យល់នេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ជំរុញសេដ្ឋកិច្ចបៃតង និងបង្កើនភាពទាក់ទាញដល់វិនិយោគិនអន្តរជាតិ ដែលចង់បានការប្រើប្រាស់ថាមពលស្អាតនៅក្នុងផលិតកម្ម ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការផលិតថាមពលស្អាតឱ្យបាន៧០% នៅត្រឹមឆ្នាំ២០៣០ ដើម្បីធានានិរន្តរភាពបរិស្ថាន ជំរុញសេដ្ឋកិច្ចបៃតង និងទាក់ទាញការវិនិយោគ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ទោះបីជាការបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយខ្យល់បានចូលរួមចំណែកជួយជំរុញការប្រើប្រាស់ថាមពលស្អាត និងជួយបំពេញបន្ថែមនូវប្រភពថាមពលរបស់កម្ពុជា ក៏ពិតមែន ប៉ុន្តែវាមិនបានចូលរួមកាត់បន្ថយតម្លៃអគ្គសនីនៅកម្ពុជា នោះទេ។

​គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជា មានសមត្ថភាពផលិតថាមពលសរុបប្រមាណជាង៥,០០០មេហ្គាវ៉ាត់ ដែលក្នុងនោះថាមពលកកើតឡើងវិញរួមមានវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស បានរួមចំណែកប្រមាណ៦០% ទៅហើយ។ ការបន្ថែមថាមពលដើរដោយខ្យល់នាពេលឆាប់ៗនេះ នឹងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសឈានមុខគេមួយក្នុងតំបន់ក្នុងការប្រើប្រាស់ប្រភពថាមពលចម្រុះប្រកបដោយនិរន្តរភាពបរិស្ថាន៕




អត្ថបទបន្ទាប់


UN ប្ដេជ្ញាបន្ដគាំទ្រកម្ពុជា សម្រាប់ជំនួយមនុស្សធម៌ និងអភិវឌ្ឍសង្គម ខណៈពលរដ្ឋភៀសសឹកជាង ៤,០០០ គ្រួសារ មិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន

លោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិកម្ពុជាប្រចាំនៅកម្ពុជា បានអះអាងពីការប្តេជ្ញាចិត្តបន្តសម្របសម្រួលជាមួយភាគីពាក…

ហេតុអ្វីដំឡូងមីនៅខេត្តជាប់ព្រំដែនវៀតណាម មានតម្លៃថ្លៃជាងខេត្តជាប់ព្រំដែនថៃ?

នាពេលថ្មីៗនេះ តម្លៃដំឡូងមីស្រស់នៅក្នុងខេត្តមួយចំនួនជាប់ព្រំដែនប្រទេសវៀតណាមត្រូវបានឈ្មួញប្រមូលទិញក្នុងតម្លៃចន្លោះពីជាង៣០០រៀលទៅជាង៤០០រៀលក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ