ក្រុមហ៊ុនជប៉ុន ចំនួន៩ និងក្រុមហ៊ុនអាម៉េរិក ចំនួន២ បានកើតទុក្ខមិនសុខចិត្តសម្រេចដាក់ពាក្យប្តឹងរដ្ឋាភិបាលសហព័ន្ធអាម៉េរិក ទាមទារសំណងប្រាក់ពន្ធ ដែលពួកគេបានបង់កន្លងមក ស្របពេលតុលាការកំពូលអាម៉េរិក កំពុងពិនិត្យភាពស្របច្បាប់ នៃការដាក់ពន្ធបដិការលើបណ្តាប្រទេសនានា របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ បច្ចុប្បន្នបណ្តឹងទាំង១១នេះ ត្រូវបានដាក់ជូនស្ថាប័នតុលាការពាណិជ្ជកម្មអន្តរជាតិ សហរដ្ឋអាម៉េរិក នៅទីក្រុងញូវយ៉ក រួចហើយ។
ក្រុមហ៊ុនដើមបណ្តឹងទាំងនោះ រួមមាន សាខារបស់ក្រុមហ៊ុន Toyota Tsusho, ក្រុមហ៊ុន Sumitomo Chemical, ក្រុមហ៊ុន Ricoh និងក្រុមហ៊ុនអាម៉េរិក Costco Wholesale ជាដើម។ ការដាក់ពាក្យប្តឹងរបស់ក្រុមហ៊ុនទាំងនេះ ក្នុងគោលបំណង ដើម្បីធានាថា ពួកគេនឹងនឹងទទួលបានប្រាក់ពន្ធ ដែលខ្លួនបានបង់ត្រឡប់មកវិញ ក្នុងករណីតុលាការកំពូលអាម៉េរិក សម្រេចថា ពន្ធដាក់ដោយលោក ត្រាំ មិនស្របតាមរដ្ឋធម្មនុញ្ញ។
ពាក់ព័ន្ធបញ្ហាបណ្តឹងរឿងពន្ធនេះ កន្លងមកតុលាការជាន់ទាបរបស់អាម៉េរិក បានសម្រេចថា ការកំណត់ពន្ធគយរបស់លោក ត្រាំ លើសពីអំណាចប្រតិបត្តិរបស់ប្រធានាធិបតី និងផ្ទុយពីរដ្ឋធម្មនុញ្ញ។ ក្រោយមករដ្ឋបាលសហព័ន្ធ ក៏បានប្តឹងបកទៅតុលាការកំពូល ខណៈសេចក្តីសម្រេចអាចនឹងចេញនៅចុងឆ្នាំនេះ៕