
កំពូលមហាសេដ្ឋី អេឡុន ម៉ាស់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានប្តឹងក្រុមហ៊ុន Apple ម្ចាស់ទូរស័ព្ទវៃឆ្លាត iPhone និងក្រុមហ៊ុន OpenAI ម្ចាស់កម្មវិធី ChatGPT ក្រោមបទចោទក្រុមហ៊ុនទាំងពីរកំពុងសហការគ្នារារាំងការប្រកួតប្រជែង នៃភាពរីកចម្រើនផ្នែកបញ្ញាសិប្បនិមិត្ត។ ការដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធរដ្ឋតិចសាស់នេះធ្វើឡើងនៅពីរសប្តាហ៍បន្ទាប់ពីលោក ម៉ាស់ បានចោទក្រុមហ៊ុន Apple ថាបានទិញទឹកចិត្តក្រុមហ៊ុន OpenAI ដោយផ្តល់សិទ្ធិឲ្យ ChatGPT ក្លាយជាកម្មវិធីមួយនៅក្នុង App Store របស់ទូរស័ព្ទ iPhone។
កំពូលមហាសេដ្ឋីរូបនេះបានទុកសកម្មភាពរបស់ក្រុមហ៊ុន Apple ថា កំពុងជួយកម្មវិធី ChatGPT ប្រឆាំងនឹងការប្រកួតប្រជែងពីកម្មវិធី Grok chatbot ដែលបង្កើតឡើងដោយក្រុមហ៊ុន xAI របស់លោក។ បើតាមការអះអាងរបស់អ្នកជំនួញដ៏ល្បីល្បាញរូបនេះ បច្ចុប្បន្នអ្នកជំនាញកំពុងរៀបចំរបាយការណ៍លម្អិត ដើម្បីដាក់ភ្ជាប់ក្នុងបណ្តឹង ដែលដាក់ដោយក្រុមហ៊ុន xAI និងក្រុមហ៊ុនសាជីវកម្មផ្សេងទៀតរបស់លោក គឺ X Corp ទៅតុលាការ។
ជាមួយគ្នានេះក្រុមហ៊ុន OpenAI បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រឆាំង និងច្រានចោលចំពោះការចោទប្រកាន់របស់លោក អេឡុន ម៉ាស់ ដែលថា OpenAI រក្សាទុកទិន្នន័យដ៏មានតម្លៃមិនចែករំលែកទៅក្រុមហ៊ុន Grok chatbot ដែលកំពុងអភិវឌ្ឈន៍ដោយក្រុមហ៊ុន xAI៕
ដោយៈ សរ សុជាតិ