ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងចំនួនបួន ដែលភ្ជាប់ជាមួយប្រព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានដាក់ឱ្យអតិថិជនរបស់ក្រុមហ៊ុនប្រើប្រាស់។ អតិថិជនអាចស្កេនលិខិតឆ្លងដែន ពិនិត្យ និងលក្ខខណ្ឌ ជ្រើសរើសឬផ្លាស់ប្តូរកៅអី ទិញសេវាកម្មបន្ថែម និងធ្វើបច្ចុប្បន្នភាពព័ត៌មានសម្រាប់ការទំនាក់ទំនង មុនពេលធ្វើដំណើរទៅកាន់កន្លែង check-in របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដើម្បីដាក់អីវ៉ាន់របស់ខ្លួន។
ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលហោះហើរពីភ្នំពេញ នឹងរីករាយជាមួយពេលវេលារង់ចាំកាន់តែខ្លី និងភាពងាយស្រួលជាងមុន ដោយសារតែវត្តមានម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងដែលងាយស្រួលប្រើប្រាស់នេះ។ ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងនេះ មានទីតាំងនៅក្បែរកន្លែង check-in របស់ក្រុមហ៊ុននៅស្ថានីយអ្នកដំណើរ។
នាពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានីភ្នំពេញ ជាអាកាសយានដ្ឋានទំនើប និងមានសមត្ថភាពខ្ពស់ ដែលត្រូវបានរចនាឡើងដើម្បីសម្របតាមចំនួនអ្នកដំណើរដែលកំពុងមានការកើនឡើងនៅរាជធានីរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅលើបច្ចេកវិទ្យា Check-in ដោយខ្លួនឯង ដែលត្រូវបានអភិវឌ្ឍន៍និងផ្តល់ដោយអាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បទពិសោធន៍នៃការធ្វើដំណើររបស់អតិថិជនចាប់តាំងពីពេលមកដល់អាកាសយានដ្ឋានដែលស្របតាមការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើនវានុវត្តន៍និងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនៅទូទាំងបណ្តាញសកលរបស់ខ្លួន។