កាសែត The Nation បានរាយការណ៍ថា ក្រុមអ្នកវិភាគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរបៀបដឹកនាំរបស់លោក អានុទីន ដោយប្រៀបធៀបនឹងរបៀបគ្រប់គ្រង និងដោះស្រាយវិបត្តិផ្សេងៗរបស់អតីតមេដឹកនាំមុនៗរបស់ថៃ។ សម័យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ត្រូវបានគេចាត់ទុកជាគំរូមួយក្នុងការគ្រប់គ្រង និងដោះស្រាយវិបត្តិផ្សេងៗ ក្នុងនោះ លោក បានដោះស្រាយបញ្ហាហេតុការណ៍ចលាចលវាយប្រហារស្ថានទូតថៃនៅភ្នំពេញឆ្នាំ២០០៣ ការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី និងមហន្តរាយរលកយក្សស៊ូណាមិឆ្នាំ២០០៤ ជាដើម។
សម័យកាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) គ្រោះទឹកជំនន់ឆ្នាំ២០១១ បានក្លាយជាមេរៀននៃការខ្វះការជួយសម្របសម្រួល។ ទោះមានការបង្កើតទីបញ្ជាការសង្គ្រោះក៏ដោយ ប៉ុន្តែភាពយឺតយ៉ាវ និងការបែកបាក់នយោបាយរវាងថ្នាក់ជាតិ និងមូលដ្ឋានបានធ្វើឱ្យទំនុកចិត្តពលរដ្ឋធ្លាក់ចុះ។
សម័យកាលលោក ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) បានប្រឈមនឹងវិបត្តិសេដ្ឋកិច្ចអូសបន្លាយ និងជំងឺកូវីដ-១៩។ ទោះបីជាមានការប្រើប្រាស់អំណាចអាសន្ន និងការខ្ចីប្រាក់បរទេសយ៉ាងច្រើន ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ប៉ុន្តែលោកបានរងការរិះគន់យ៉ាងខ្លាំងរឿងតម្លាភាពក្នុងការទិញវ៉ាក់សាំង និងការកើនឡើង នៃបំណុលសាធារណៈ។ សម័យកាលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានជួបភាពតានតឹងជាមួយកម្ពុជារួមទាំងបញ្ហាព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែន ដែលឆ្លុះបញ្ចាំងពីភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត និងភាពស្មុគស្មាញនៃនយោបាយផ្ទៃក្នុង។
ជាមួយគ្នានេះបញ្ហាវិបត្តិថាមពលកំពុងក្លាយជាវិញ្ញាសារមួយដ៏លំបាកក្នុងការសាកល្បងសមត្ថភាពរបស់រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល ។ វិបត្តិថាមពលនេះ បានបង្ហាញឱ្យឃើញពីចំណុចខ្សោយក្នុងការវាយតម្លៃស្ថានការណ៍ ខណៈកន្លងមកលោក អានុទីន ធ្លាប់អះអាងក្តែងៗថា ប្រទេសថៃ មានប្រេងបម្រុងគ្រប់គ្រាន់សម្រាប់រយៈពេល៩០ថ្ងៃ ប៉ុន្តែជាក់ស្ដែងតម្លៃប្រេងបានហក់ឡើងខ្ពស់ និងមានការខ្វះខាតការផ្គត់ផ្គង់នៅតាមតំបន់មួយចំនួន ដែលធ្វើឱ្យពលរដ្ឋនាំគ្នាធ្វើបាតុកម្មផ្អើលទីក្រុងបាងកក។
ក្រៅបញ្ហាខាងលើ រដ្ឋាភិបាលលោក អានុទីន ក៏កំពុងប្រឈមនឹងរលក នៃការចោទប្រកាន់ជុំវិញការសម្រេចចិត្តខុសឆ្គង និងមន្ទិលសង្ស័យអំពីផលប្រយោជន៍លាក់កំបាំង ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ក្នុងវិស័យថាមពល ដែលកត្តាទាំងនេះកំពុងតែធ្វើឱ្យប្រជាប្រិយភាព និងស្ថិរភាពរបស់រដ្ឋាភិបាលរង្គោះរង្គើជាខ្លាំង៕
អត្ថបទៈ សួន ឡង់ទី