វិស័យអចលនទ្រព្យ

អ្នកជំនាញយល់ថា ល្មមដល់ពេលដែលរាជរដ្ឋាភិបាល ត្រូវបោសសម្អាតគម្រោងវិនិយោគបោកប្រាស់ ដើម្បីស្តារវិស័យអចលនទ្រព្យហើយ


វិស័យអចលនទ្រព្យកម្ពុជា ដែលធ្លាប់តែជាសសរស្ដម្ភក្នុងការជួយគាំទ្រសេដ្ឋកិច្ច កំពុងស្ថិតក្នុងសភាពទ្រឹង និងប្រឈមនឹងការបាត់បង់អតិថិជន។ អ្វីដែលកាន់តែអាក្រក់នោះ គឺការលេចឡើងនូវគម្រោងខ្យល់ ឬការវិនិយោគបោកប្រាស់ ដែលធ្វើឱ្យពលរដ្ឋខាតបង់ប្រាក់កាសទាំងមិនបានឃើញសំបកផ្ទះ ឬប្លង់ដី។ ពាក់ព័ន្ធបញ្ហានេះ ក្រុមអ្នកជំនាញក្នុងវិស័យនេះ ទទូចដល់រដ្ឋាភិបាលឱ្យប្រើប្រាស់វិធានការក្ដៅ ដើម្បីបោសសម្អាតក្រុមអ្នករកស៊ីខ្វះក្រមសីលធម៌ ដើម្បីស្ដារទំនុកចិត្តទីផ្សារឱ្យរស់រវើកឡើងវិញ។
វិស័យអចលនទ្រព្យ
ដោយ

លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា មានកត្តាជាច្រើនបានធ្វើឱ្យវិស័យអចលនទ្រព្យធ្លាក់ចុះដូចជាបញ្ហាប្រឈមសេដ្ឋកិច្ចសកល គួបផ្សំពលរដ្ឋហាក់មានការប្រុងប្រយ័ត្នខ្ពស់មុនសម្រេចចិត្តទិញ ក៏ដូចជាបាត់បង់ទំនុកចិត្តលើវិស័យនេះ ដោយសារកន្លងមកមានអ្នករកស៊ីបោកប្រាស់ពលរដ្ឋដោយលក់តែគម្រោង តែគ្មានដី ឬផ្ទះជាដើម។ ជាមួយគ្នានេះ លោក​ស្នើឱ្យរដ្ឋាភិបាលបង្កើនការត្រួតពិនិត្យគម្រោងរបស់អ្នកវិនិយោគមុននឹងចេញការអនុញ្ញាត កែប្រែប្រព័ន្ធបង់ប្រាក់ក្នុងវិស័យនេះឱ្យមានសុវត្ថិភាពជាងមុន ក៏ដូចជាដាក់ទោសដល់អ្នកដែលបានបោកប្រាស់ពលរដ្ឋស្របតាមច្បាប់ជាដើម។

​ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិ នៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាសង្កេតឃើញថា បញ្ហាសេដ្ឋកិច្ចលើពិភពលោក គួបផ្សំពលរដ្ឋមួយចំនួនកំពុងប្រឈមនឹងបាត់បង់ប្រាក់ចំណូល និងការបោកប្រាស់នៅក្នុងវិស័យអចលនទ្រព្យ បានធ្វើឱ្យពលរដ្ឋខ្លាចរអារមិនចង់ទិញដី ឬផ្ទះ។ អ្នកជំនាញរូបនេះ ស្នើដល់រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋមានទំនុកចិត្តឡើងវិញ ដោយត្រូវមានដំណោះស្រាយសមស្របដល់ពលរដ្ឋណា ដែលកំពុងរងគ្រោះដោយសារគម្រោងខ្យល់មួយចំនួន ពិសេសត្រូវដាក់ទោសដល់អ្នកដែលបានបោកប្រាស់ពលរដ្ឋតាមច្បាប់។

​ដោយឡែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានលើកឡើងថា ការជាប់គាំងនៃវិស័យដីធ្លី និងផ្ទះសំបែង គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋកម្ពុជា។ លោកយល់ថា ដើម្បីឱ្យវិស័យនេះងើបឡើងវិញលុះត្រាតែមានការសម្អាតផ្ទះឱ្យស្អាត ពោលគឺរដ្ឋត្រូវបោសសម្អាតអ្នកវិនិយោគបោកប្រាស់ឱ្យអស់ ក៏ដូចជាត្រូវជំរុញឱ្យសេដ្ឋកិច្ចពលរដ្ឋមានស្ថិរភាពជាមុន។

​ទោះជាយ៉ាងណាក៏ដោយ​ ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរី ឡុងនី បានវាយតម្លៃកាលពីពេលថ្មីៗថា វិស័យអចលនទ្រព្យកម្ពុជានឹងចាប់ផ្ដើមមានដង្ហើមឡើងវិញនៅក្នុងឆ្នាំ២០២៦ នេះ ក្រោយមានការធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ អ្នកជំនួញរូបនេះបានសង្កត់ធ្ងន់ថា ភាពល្អប្រសើរនៃវិស័យអចលនទ្រព្យ នឹងត្រូវបានជួយជំរុញដោយសារភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងកំណើនភ្ញៀវទេសចរបរទេស ដែលកត្តានេះវានឹងជួយបង្កើតឱ្យមានចរន្តសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់អចលនទ្រព្យពិតប្រាកដ។ តែយ៉ាងណអ្នកជំនាញរូបនេះយល់ឃើញថា បើទោះបីជាសេដ្ឋកិច្ចបានសញ្ញាល្អប្រសើរ ប៉ុន្តែអ្នកវិនិយោគគួរមានផែនការច្បាស់លាស់ ដើម្បីបង្ការហានិភ័យដែលអាចកើតមានពីការប្រែប្រួលនៃស្ថានការណ៍ពិភពលោក៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើការបញ្ជាទិញទំនិញក្នុងវិស័យកាត់ដេរមានការកើនឡើង ឬធ្លាក់ចុះយ៉ាងណានៅឆ្នាំ២០២៦ ក្រោយរងសម្ពាធពន្ធ១៩% ពីអាម៉េរិក?

វិស័យឧស្សាហកម្មកាត់ដេរនៅតែជាវិស័យដ៏សំខាន់មួយក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយមកទល់ពេលនេះ ការនាំចេញ និងការបញ្ជទិញផល…

តម្លៃជ្រូករស់ហក់ឡើងដល់ជិត១២,០០០រៀលក្នុង១គីឡូក្រាម ដែលកំពុងផ្តល់ក្តីសង្ឃឹមដល់កសិករ តែបង្កក្តីបារម្ភដល់អ្នកប្រើប្រាស់

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃជ្រូករស់បានហក់ឡើងថ្លៃយ៉ាងគំហុកឈានដល់ជិត១ម៉ឺន២ពាន់រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃល្អប្រសើរសម្រាប់កសិករ តែវាទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ