វិស័យសេដ្ឋកិច្ច

តើកម្ពុជា ត្រូវធ្វើកំណែទម្រង់អ្វីខ្លះ ដើម្បីធានាភាពធន់សេដ្ឋកិច្ច ចំពេលស្ថានការណ៍ពិភពលោក កាន់តែអាប់អួ?


ទោះបីសេដ្ឋកិច្ចកម្ពុជា រក្សាបានភាពធន់ក្នុងឆ្នាំ២០២៥ តែភាពមិនច្បាស់លាស់នៃប្រព័ន្ធសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយពិភពលោកកំពុងបាត់បង់សណ្តាប់ធ្នាប់ និងបញ្ហាជម្លោះព្រំដែនជាមួយថៃ បានក្លាយជាបញ្ហាប្រឈមចាក់ស្រែះ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២៦ នេះ។ តើរាជរដ្ឋាភិបាលកម្ពុជា គួរធ្វើកំណែទម្រង់លើវិស័យណាខ្លះ ដើម្បីសម្របខ្លួន និងធានាភាពធន់សេដ្ឋកិច្ចក្នុងកាលៈទេសៈពិភពលោកកំពុងមានការប្រែប្រួលនេះ?
វិស័យសេដ្ឋកិច្ច
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ក្នុងបរិបទ​ដែលសេដ្ឋកិច្ច និងបញ្ហាភូមិសាស្ត្រនយោបាយពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស កម្ពុជា ចាំបាច់ត្រូវតែធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងវិស័យសំខាន់មួយចំនួន ជាពិសេសវិស័យផលិតកម្ម ដើម្បីធានាភាពធន់សេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងន័យនេះ កម្ពុជា ត្រូវបន្តជំរុញ និងលើកម្ពស់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងឌីជីថល។ ក្រៅពីអភិវឌ្ឍន៍ធនធានមនុស្ស កម្ពុជា ត្រូវបង្កើនការជួយសម្របសម្រួលបរិយាកាសវិនិយោគ តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធី និងកាត់បន្ថយថ្លៃដើមផលិតតាមរយៈការវិនិយោគលើវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត។

​ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ ទំនងជាមិនមានការប្រែប្រួលខ្លាំងនោះទេ បើធៀបនឹងឆ្នាំមុន។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាភាពធន់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការជំរុញលើកទឹកចិត្ត និងគាំទ្របន្ថែមក្នុងវិស័យឧស្សាកម្មផលិតក្នុងស្រុក ជាពិសេសការកែច្នៃកសិផលក្នុងស្រុក ដើម្បីបង្កើនការនាំចេញ និងកាត់បន្ថយការនាំចូល។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយរងការខូចខាតដោយសារសង្រ្គាមឈ្លានពានថៃ ក៏ជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលមិនអាចមើលរំលងផងដែរ។

​គួររំលឹកថា តាមការព្យាកររបស់​​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅឆ្នាំ​២០២៦នេះ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥% ទាបជាងការព្យាករពីមុនដែលធ្លាប់រំពឹងថា នឹងកើនដល់ ៦,២%។ ការបន្ទាបការព្យាករនេះ ក្រោយស្ថាប័នអន្តរជាតិ មួយនេះ មើលឃើញពីបញ្ហាប្រឈមទាក់ទងនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញដោយសារពន្ធគយបដិការរបស់អាម៉េរិកជាដើម៕




អត្ថបទបន្ទាប់


តើកម្ពុជា ត្រូវធ្វើដូចម្តេច ដើម្បីឱ្យការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញមានប្រសិទ្ធភាព?

រដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាក្តីកង្វល់រួមទាំងនៅក្នុងតំបន់ និង…

ធនាគារពិភពលោកដំឡើងការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៦ ទោះអាចប្រឈមនឹងបញ្ហាមួយចំនួនក្តី

ធនាគារពិភពលោកបានដំឡើងការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៦ ក្នុងអត្រា ២,៦% ក្រោយមើលឃើញថា សេដ្ឋកិច្ចពិភពលោកបានបង្ហាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ