វិស័យ SME

តើអាជ្ញាធរគួរចាត់វិធានការបែបណាចំពោះក្រុមហ៊ុន ឬសហគ្រាសដែលលួចបន្លំបាកូដផលិតផល?


ក្រោយពលរដ្ឋកម្ពុជា ធ្វើពហិការមិនប្រើប្រាស់រាល់ទំនិញមានប្រភពមកពីប្រទេសថៃ មានក្រុមហ៊ុនក្នុងស្រុកមួយបានបន្លំប្រើបាកូដកម្ពុជា ៨៨៤ បិតលើបាកូដថៃ ៨៨៥ នៅលើផលិតផលដើម្បីដាក់លក់នៅលើទីផ្សារ ដែលបានធ្វើឱ្យពលរដ្ឋបង្ហាញការខកចិត្ត និងបាត់បង់ទំនុកចិត្តក្នុងការប្រើប្រាស់។
វិស័យ SME
ដោយ

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដើម្បីបង្ការកុំឱ្យកើតមានរូបភាពនេះម្ដងទៀត ក្រសួងពាណិជ្ជកម្ម បានផាកពិន័យអន្តរកាលដល់ក្រុមហ៊ុន ដែលបានលួចប្ដូរបាកូដក្នុងគោលបំណងទប់ស្កាត់មិនឱ្យមានប្រព្រឹត្តិទង្វើនេះម្ដងទៀត ក៏ដូចជាបង្ហាញជាគំរូដល់អ្នកផ្សេងត្រូវលក់ដូរប្រកបដោយសុចរិតភាព។ អ្នកជំនាញយល់ថា ក្នុងកាលៈទេសៈនេះម្ចាស់អាជីកម្មត្រូវលក់ដូរប្រកបដោយភាពស្មោះត្រង់ ត្រូវមានឧត្តមគតិរួម ក៏ដូចជាពង្រឹងសមត្ថភាពផលិត ដើម្បីអាចស្ដារទំនុកចិត្តពលរដ្ឋឡើងវិញ។

លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម យល់ឃើញថា រដ្ឋាភិបាលគួរតែចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងចំពោះក្រុមហ៊ុនណា ដែលយកបាកូដកម្ពុជា ទៅបិទលើផលិត​ផលថៃ រួចហើយដាក់លក់នៅលើទីផ្សារ ដើម្បីធ្វើជាគំរូកុំឱ្យមានសហគ្រាសផ្សេងលួចបន្លំបន្តទៀត ក៏ដូចជាធ្វើសេចក្ដីប្រកាសមិនឱ្យប្រព្រឹត្តិនូវទង្វើបែបនេះបន្តទៀត។ ស្របពេលពលរដ្ឋកម្ពុជា កំពុងធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ហើយថៃ តែងតែមានចេតនាធ្វើអាក្រក់មកលើកម្ពុជា ក្រុមហ៊ុន ឬសហគ្រាសក្នុងស្រុកត្រូវរួបរួមគ្នា មិនគួរលួចបន្លំបាកូដផលិតផលរបស់ថៃ ផលិតនៅកម្ពុជា នោះទេ។

​ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ករណីបន្លំបាកូដលេខផលិតផលនៅថៃ តែប្ដូរមកដាក់ផលិតនៅកម្ពុជាវិញនេះ ជាអំពើ​គ្មានសុចរិតភាពមួយ ដែលអាចធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើផលិតផលខ្មែរ ស្របពេលដែលពលរដ្ឋកំពុងធ្វើពហិការមិនប្រើទំនិញថៃ ដោយសារការឈ្លានពានលើអធិតេយ្យភាពកម្ពុជា ទាំងគឃ្លើន។ អ្នកជំនាញរូបនេះយល់ឃើញថា ពេលនេះសហគ្រាសគួរតែលក់ដូរប្រកបដោយសេចក្ដីស្មោះត្រង់ និងទៀងត្រង់ ជា​ពិសេសត្រូវបង្កើនសមត្ថភាពផលិតឱ្យបានខ្លាំងបន្ថែមទៀត ពីព្រោះជម្លោះកម្ពុជា និងថៃនេះ ​កំពុងហុចឱកាសល្អដល់អ្នកផលិតក្នុងស្រុកឱ្យមានការប្រកួតប្រជែងលើទីផ្សារ។

​ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងពីពលរដ្ឋ និងបានចុះត្រួតពិនិត្យដល់ទីតាំងស្តុកទុក ក្រុមមន្ត្រីជំនាញបានរកឃើញមានផលិតផលដឹកដោះគោ ដែលមានប្រភពពីម៉ាឡេស៊ី ដែលបានប្រើប្រាស់បាកូដកម្ពុជា បិទ​ពីលើបាកូដថៃ ដែលជាការបិទបាំងនូវព័ត៌មាន និងមិនផ្ដល់នូវព័ត៌មានពិតប្រាកដសម្រាប់អ្នកប្រើប្រាស់ ដែលខុសនឹងច្បាប់ការពារអ្នកប្រើប្រាស់។ បើតាមអ្នកនាំពាក្យរូបនេះ ដើម្បីបង្កាកុំឱ្យកើតមានរូបភាពនេះម្ដងទៀត ក្រសួងពាណិជ្ជកម្ម បានផាកពិន័យអន្តរកាលដល់ក្រុមហ៊ុនដែលបានប្ដូរបាកូដក្នុងគោលបំណងទប់ស្កាត់មិនឱ្យមានប្រព្រឹត្តិទង្វើនេះម្ដងទៀត។

​បើតាមក្រសួងពាណិជ្ជកម្ម ក្រោយរកឃើញមានផលិតផលបន្លំបាកូដ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានដាក់ចេញវិធានការបន្ទាន់ដូចជា តម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលបានបិទ​បាកូដទាំងអស់ត្រឡប់មកវិញ ពីបណ្តាគោលដៅ​លក់ ចែកចាយទាំងនៅភ្នំពេញ និងបណ្តាខេត្តក្នុងរយៈពេលពីរថ្ងៃ ដោយមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការបន្តស្របតាមនីតិវិធីច្បាប់ ដែលមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

អត្ថបទ​៖ ជា ម៉ារ៉ាវ




អត្ថបទបន្ទាប់


ជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន នឹងដឹងនៅចុងខែនេះ ខណៈនាយករដ្ឋមន្ត្រីស្តីទីថៃបានលើកឡើងពីសេណារីយ៉ូធំៗ៣ ដែលអាចកើតឡើង

នៅមុនពេលតុលាការធម្មនុញ្ញថៃ ប្រកាសសាលក្រមពាក់ព័ន្ធនឹងជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នៅចុងខែសីហា នេះ នាយករដ្…

ពលរដ្ឋថៃ ច្រើនលើសលប់បាត់បង់ទំនុកចិត្តលើគណបក្សនយោបាយក្នុងការដោះស្រាយបញ្ហាកិច្ចការងារជាតិ

ស្របពេលដែលប្រទេសថៃ កំពុងបន្តឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ឥតស្រាកស្រាន្តដោយមិនខ្លាចញញើតច្បាប់អន្តរជាតិ ការស្ទង់មតិរបស់វិទ្យាស្ថានជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ