
សហភាពអឺរ៉ុប នៅពេលនេះ កំពុងពិចារណាកាត់ផ្តាច់ធនាគារចំនួន២០ ចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដែលជាប្រព័ន្ធទូទាត់អន្តរជាតិ ក្រោយសង្ស័យថា ធនាគារទាំងនេះមានការពាក់ព័ន្ធជាមួយការទូទាត់តម្លៃថាមពលរបស់ប្រទេសរុស្ស៊ី។ នេះជាទណ្ឌកម្មថ្មីមួយទៀតរបស់សហភាពលើទីក្រុងមូស្គូ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបង្កើនសម្ពាធឱ្យរុស្ស៊ី យល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន និងឈានទៅបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃទាំងស្រុងតែម្តង។
តែយ៉ាងណាសហភាពអឺរ៉ុប មិនបានបង្ហាញឈ្មោះធនាគារទាំងនេះនោះទេ គ្រាន់តែអះអាងថា គណៈកម្មការអឺរ៉ុប កំពុងពិគ្រោះជាមួយរដ្ឋសមាជិកជុំវិញផែនការនេះ។ ពាក់ព័ន្ធពេលវេលានៃការអនុវត្តវិធានការនេះ ក៏មិនទាន់ត្រូវបានបញ្ជាក់នោះដែរ ដោយជាធម្មតាការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ត្រូវទាមទារឱ្យមានការគាំទ្រពីរដ្ឋសមាជិកទាំងអស់ ហើយវិធានការនេះ ក៏អាចមានការផ្លាស់ប្តូរមុនត្រូវបានស្នើ និងអនុម័តជាផ្លូវការផងដែរ។
មកទល់ពេលនេះអ្វីដែលគេអាចដឹងនោះ គឺធនាគារទាំងនោះត្រូវបានរកឃើញមានការពាក់ព័ន្ធនឹងប្រតិបត្តិការទូទាត់ប្រាក់ប្រមាណជិត៣ពាន់លានដុល្លារជាមួយនឹងរុស្ស៊ី។
គួរបញ្ជាក់ថា SWIFT គឺជាប្រព័ន្ធទូទាត់សាច់ប្រាក់ឆ្លងធនាគារដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលត្រូវបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៧៣ ដោយបច្ចុប្បន្នមានស្ថាប័នហិរញ្ញវត្ថុធំៗសរុបជាង១ម៉ឺនស្ថាប័ននៅទូទាំងពិភពលោកជាសមាជិក ជាមួយនឹងប្រតិបត្តិការក្នុងមួយថ្ងៃប្រមាណ៣២លានប្រតិបត្តិការ៕
ដោយៈ សរ សុជាតិ