ជាការឆ្លើយតប សហភាពអឺរ៉ុប ក៏កំពុងពិចារណាដាក់ពន្ធសងសឹកលើទំនិញនាំចូលរបស់សហរដ្ឋអាម៉េរិក ដែលមានទំហំរហូតដល់ទៅ១០៨ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
បណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុប កំពុងពិចារណាចាត់វិធានការឆ្លើយតប ដែលអាចធ្វើទៅបានរួមទាំងការដាក់ពន្ធគយសងសឹកលើទំនិញនាំចូលពីអាម៉េរិក ដែលមានទំហំរហូតដល់ទៅ១០៨ពាន់លានដុល្លារអាម៉េរិក ក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធគយ១០% លើប្រទេសអឺរ៉ុបចំនួន៨ រួមមាន ដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ ដោយសារប្រទេសទាំង៨នេះ ប្រឆាំងនឹងបំណងរបស់អាម៉េរិក ដែលចង់ទិញយកកោះ Greenland មកគ្រប់គ្រង។ ក្រុមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដើម្បីសម្របសម្រួលការឆ្លើយតបរួមគ្នាទៅនឹងការគំរាមកំហែងរបស់សហរដ្ឋអាម៉េរិក។
លោក អង់តូនីញ៉ូ ខូស្តា (Antonio Costa) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុប នៅតែរួបរួមគ្នាដើម្បីបង្ហាញការគាំទ្រដល់កោះ Greenland និងប្រទេសដាណឺម៉ាក ដោយបន្ថែមថា ពន្ធគយរបស់សហរដ្ឋអាម៉េរិក នឹងរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ ជម្រើសផ្សេងៗទៀតរួមមានការប្រើប្រាស់ច្បាប់ការពារពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (ACI) ដែលអនុញ្ញាតឱ្យសហភាពអឺរ៉ុបវាយបកវិញនៅពេលដែលប្រទេសមួយផ្សេងទៀតប្រើប្រាស់សម្ពាធសេដ្ឋកិច្ច ដើម្បីបង្ខំសហភាពអឺរ៉ុប ឬរដ្ឋជាសមាជិករបស់ខ្លួនឱ្យផ្លាស់ប្តូរគោលនយោបាយផងដែរ។ ហើយប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានគាំទ្រការពិចារណាលើវិធានការនេះដែរ។
គួររំឭកថា សហភាពអឺរ៉ុប ធ្លាប់បានអនុម័តពន្ធសងសឹកស្រដៀងគ្នានេះដែរនៅក្នុងឆ្នាំ២០២៥ ប៉ុន្តែបានផ្អាកការអនុវត្តពន្ធនោះវិញ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា ក្រុមអ្នកតាក់តែងច្បាប់សហភាពអឺរ៉ុប បាននិយាយថា ពួកគេអាចពន្យារពេលអនុម័តកិច្ចព្រមព្រៀងនោះ ដោយសារតែពេលនេះសហរដ្ឋអាម៉េរិកកំពុងតែគំរាមកំហែងដាក់ពន្ធគយថ្មី៕
ដោយ: តែម សុខុម