ប្រធានទីភ្នាក់ងារថាមពលសហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការពឹងផ្អែករបស់ខ្លួនលើហ្គាស ដែលមានប្រភពពីសហរដ្ឋអាម៉េរិក ជាពិសេសបន្ទាប់ពីមានការគំរាមកំហែងពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដណ្តើមយកកោះហ្គ្រីនលែន។ លោក ដាន ហ្សកជេនសេន (Dan Jorgensen) ស្នងការទីភ្នាក់ងារថាមពលអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធ ថា ភាពល្អក់កករជុំវិញបញ្ហាកោះហ្គ្រីនលែនថ្មីៗនេះបានដាស់តឿនអឺរ៉ុប ឱ្យមានការប្រុងប្រយ័ត្នចំពោះការពឹងផ្អែកខ្លាំងលើធនធានហ្គាសរបស់អាម៉េរិក ដែលបច្ចុប្បន្នហ្គាសស្ទើរតែជាងពាក់កណ្តាលនៅក្នុងតំបន់ដែលមានសមាជិក២៧ប្រទេសនេះនាំចូលពីប្រទេសមហាអំណាចមួយនេះ។
កត្តានេះបានជំរុញឱ្យអឺរ៉ុប កំពុងសម្លឹងមើលប្រភពផ្គត់ផ្គង់បន្ថែមដូចជាពីប្រទេសកាណាដា កាតា និងបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងជើង។ ប្រធានទីភ្នាក់ងារថាមពលអឺរ៉ុប បានសង្កត់ធ្ងន់ថា ការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការចង់ដំណ្តើមកាន់កាប់ ហ្គ្រីនលែន ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក និងការគំរាមកំហែងចំពោះប្រទេស ដែលព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកត្រាំ បានបង្ខំឱ្យអឺរ៉ុបវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិកនៅគ្រប់វិស័យ រួមទាំងការពារជាតិ និងថាមពល។
ពីមុនអឺរ៉ុបពឹងផ្អែកស្ទើរតែទាំងស្រុងលើថាមពលហ្គាសរបស់រុស្ស៊ី ប៉ុន្តែក្រោយរុស្ស៊ី ឈ្លានពានអ៊ុយក្រែន អឺរ៉ុប ក៏បានបង្វែរកប្រភពពីសហរដ្ឋអាម៉េរិក ដោយកាលពីឆ្នាំមុនប្លុកនេះបានចុះកិច្ចព្រមព្រៀងជាមួយអាម៉េរិក ដែលមានតម្លៃរហូតដល់ទៅ៧៥០ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ