សារព័ត៌មាន Euro News បានរាយការណ៍ថា សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីក្នុងគោលបំណងបង្ខំឱ្យវិមានក្រឹមឡាំង ទទួលយកបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនថាមពលរុស្ស៊ីជាលើកដំបូង ដោយលើកឡើងពីកង្វះការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រុស្ស៊ីចំពោះដំណើរស្វែងរកសន្តិភាព ដើម្បីបញ្ចប់សង្រ្គាម។
ការប្រកាសរបស់សហរដ្ឋអាម៉េរិកនេះ គឺជាការប្រកាសលើកទីមួយហើយ ដែលធ្វើឡើងដោយរដ្ឋបាលលោក ត្រាំ ដែលហាក់ដូចជាមានការស្ទាក់ស្ទើរក្នុងការចាត់វិធានការបែបនេះ ដោយសង្ឃឹមថា សមភាគីរុស្ស៊ី គឺលោក ពូទីន នឹងចូលរួម ហើយប្រើប្រាស់យន្តការការទូត ដើម្បីបញ្ចប់សង្រ្គាម។ ទណ្ឌកម្មរបស់អាម៉េរិក បានកំណត់គោលដៅលើក្រុមហ៊ុនប្រេងធំបំផុតចំនួនពីររបស់រុស្ស៊ី គឺ Rosneft និង Lukoil ខណៈដែលទីក្រុងព្រុចសែលបានជៀសវាងការប៉ះក្រុមហ៊ុន Lukoil ដោយសារតែប្រទេសហុងគ្រី និងស្លូវ៉ាគី នៅបន្តទិញប្រេងពីក្រុមហ៊ុននេះ ។
លោក ស្កុត បេសសេន ( Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះជាពេលវេលា ដើម្បីបញ្ឈប់ការសម្លាប់ និងអនុវត្តបទឈប់បាញ់។ លោកបានបន្តថា ដោយសារការបដិសេធរបស់លោក ពូទីន ក្នុងការបញ្ចប់សង្រ្គាម ទើបជំរុញឱ្យសហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មដល់ក្រុមហ៊ុន ដែលបានបន្តរកមូលនិធិគាំទ្រម៉ាស៊ីនសង្រ្គាមរបស់វិមានក្រឹមឡាំង។ លោកបានអះអាងថា សហរដ្ឋអាម៉េរិកនឹងចាត់វិធានការបន្ថែមទៀត ប្រសិនបើចាំបាច់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការបញ្ចប់សង្រ្គាមនេះ ហើយបានជំរុញឱ្យសម្ពន្ធមិត្តរបស់ខ្លួនចូលរួមជាមួយខ្លួនក្នុងការដាក់ទណ្ឌកម្មនេះ។
នៅពេលនេះសហរដ្ឋអាម៉េរិក និងអឺរ៉ុបបានកំណត់មុខសញ្ញាក្រុមហ៊ុននាវាដឹកប្រេងសំខាន់ៗនានា ដែលមាននាវាសរុបដល់៥៥៨គ្រឿងដាក់ទៅក្នុងបញ្ជីខ្មៅ ដោយសារពួកគេជាក្រុមហ៊ុនដឹកប្រឹងរុស្ស៊ីខុសច្បាប់ មិនឱ្យចូលដែនទឹករបស់ពួកគេ។ បន្ថែមលើនេះ អឺរ៉ុប និងសហរដ្ឋអាម៉េរិក ក៏កំពុងដាក់ធនាគារ និងក្រុមហ៊ុនសេវាកម្មនានា ដែលទាក់ទងនឹងការទូទាត់មូលនិធិ នៃការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីចំនួន៤៥ក្រុមហ៊ុន ដោយរួមទាំងក្រុមហ៊ុន១២មានមូលដ្ឋាននៅចិន និងកោះហុងកុង៕
ដោយៈ សរ សុជាតិ