ធនាគារកណ្តាលអឺរ៉ុប

ប្រធានធនាគារកណ្តាលអឺរ៉ុប គ្រោងលាលែងពីតំណែងមុនអាណត្តិ ដើម្បីបើកផ្លូវឱ្យលោក ម៉ាក្រុង ជ្រើសរើសអ្នកបន្តវេនថ្មី


លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប ត្រូវបានគេរាយការណ៍ថា មានគម្រោងលាលែងពីតំណែងមុនអាណត្តិរបស់លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ត្រូវបានបញ្ចប់។ ការសម្រេចចិត្តនេះត្រូវបានគេវាយតម្លៃថា ដើម្បីបញ្ចៀសភាពស្មុគស្មាញក្នុងការជ្រើសរើសអ្នកបន្តវេន ព្រោះប្រសិនបើគណបក្សសាំ្តនិយមឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ នោះវាអាចរារាំងដល់ការតែងតាំងបេក្ខភាព ដែលលោក ម៉ាក្រុង ចង់បាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Time។
ធនាគារកណ្តាលអឺរ៉ុប
ដោយ

លោកស្រី គ្រីស្ទីន ឡាហ្គាត កំពុងពិចារណាចាកចេញពីតំណែងជាប្រធានធនាគារកណ្ដាលអឺរ៉ុបមុនកាលកំណត់ ពោលគឺមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង នៅឆ្នាំក្រោយ​។ គោលបំណងសំខាន់នៃការចាកចេញនេះត្រូវបានគេវាយតម្លៃថា ដើម្បីផ្ដល់ឱកាសឱ្យប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង មានសិទ្ធិអំណាចពេញលេញក្នុងការជ្រើសរើស និងតែងតាំងអ្នកស្នងតំណែងរបស់លោកស្រី ឱ្យបានរួចរាល់ ក្រោយមានការបារម្ភពីការឈ្នះឆ្នោតរបស់គណបក្សស្តាំនិយម។

តាមផែនការអាណត្តិផ្លូវការរបស់លោកស្រី ឡាហ្គាត នៅក្នុងស្ថាប័នហិរញ្ញវត្ថុដ៏មានឥទ្ធិពលនៅតំបន់អឺរ៉ុបនេះនឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៧។ ប៉ុន្តែប្រសិនបើគណបក្សស្តាំនិយមទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅដើមឆ្នាំ២០២៧ នោះវាអាចនឹងធ្វើឱ្យដំណើរការជ្រើសរើសប្រធានថ្មី ធ្លាក់ក្នុងភាពទាល់ច្រក ឬមានការប្រទាញប្រទង់ផ្នែកនយោបាយខ្លាំង។

ជុំវិញបញ្ហានេះលោក ហ្សកដង់ បាដេឡា (Jordan Bardella) ប្រធានគណបក្សស្តាំនិយមបារាំងបានចេញមុខរិះគន់លោក ម៉ាក្រុង ថា កំពុងព្យាយាមរៀបចំយន្តការរក្សាអំណាច បើទោះបីជាត្រូវចាកចេញពីតំណែងប្រធានាធិបតី ក៏ដោយ។

គួរបញ្ជាក់ថា បារាំងជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅតំបន់អឺរ៉ុប ហើយជាទម្លាប់គ្មានបេក្ខភាពណាម្នាក់អាចឡើងកាន់តំណែងជាប្រធានធនាគារកណ្ដាលអឺរ៉ុប បានឡើយ ប្រសិនបើគ្មានការយល់ព្រមពីទីក្រុងប៉ារីស។ ប្រភពផ្ទៃក្នុងបានបង្ហើបឱ្យដឹងថា ទោះបីលោកស្រី ឡាហ្គាត មិនទាន់សម្រេចចិត្តជាផ្លូវការ ១០០%ក៏ដោយ ប៉ុន្តែលោកស្រី ចង់ឱ្យលោក ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់បច្ចុប្បន្ន ជាអ្នកសម្រេចលើបេក្ខភាពអ្នកស្នងតំណែងលោកស្រី ស្របពេលលោក ម៉ាក្រុង មិនអាចឈរឈ្មោះជាប្រធានាធិបតីអាណត្តិទី៣បានទៀតឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញជឿថា តម្លៃគ្រាប់ស្វាយចន្ទីកំពង់ធំនឹងហក់ឡើងខ្ពស់ ក្រោយចុះបញ្ជីជាផលិតផល GI រួច

ដើម្បីឈានទៅសម្រេចចក្ខុវិស័យក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត កម្ពុជា កំពុងរៀបចំចុះប…

វៀតណាម ជះលុយ៣០ពាន់លានដុល្លារ ទិញយន្តហោះ Boeing ចំនួន៩០គ្រឿង ដើម្បីយកចិត្តអាម៉េរិក

ដើម្បីយកចិត្តសហរដ្ឋអាម៉េរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ស្របពេលដែលខ្លួនកំពុងចរចាពាណិជ្ជកម្មជាមួយមហាអំណាចទី១របស់ពិភពលោកមួយនេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ