នាពិធីបើក«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានវិវត្តយ៉ាងលឿន និងបានជ្រាបចូលក្នុងគ្រប់មជ្ឈដ្ឋាន និងស្រទាប់នៃសង្គមសេដ្ឋកិច្ច។ ស្ថិតក្នុងបរិបទនេះបច្ចេកវិទ្យាបាននាំមកនូវទាំងកាលានុវត្តភាពផង និងហានិភ័យផង ហើយការចាប់យកបច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាកំណត់ឧត្តមភាពប្រកួតប្រជែង និងជោគវាសនារបស់ប្រទេសជាតិ ស្ថាប័ន សហគ្រាស ក៏ដូចជាបុគ្គលនីមួយៗ។ ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា សម្រាប់កម្ពុជា និងប្រទេសកំពុងអភិវឌ្ឍផ្សេងៗទៀត ម្ខាងបច្ចេកវិទ្យាអាចត្រូវបានចាត់ទុកជាយានមួយសម្រាប់ពន្លឿនការធ្វើទំនើបកម្ម អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ច តែម្ខាងទៀតបើសិនជាការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តទៅមិនទាន់ពេល ខុសទិសដៅ មិនទាន់ការប្រកួតប្រជែង ឬមិនទាន់តម្រូវការនៃស្ថានភាពជាក់ស្តែង នោះគម្លាតនៃការអភិវឌ្ឍនឹងកានតែរីកធំឡើងទាំងក្នុងកម្រិតរវាងប្រទេស និងប្រទេស និងរវាងប្រជាជន និងប្រជាជន។
សម្រាប់ឯកឧត្តម វង្សី វិស្សុត ដើម្បីចាប់យកកាលានុវត្តភាពនានា និងគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងការចាប់យកបច្ចេកវិទ្យាឌីជីថល រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ«ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥» ដែលអាចត្រូវបានចាត់ទុកថា ជាឯកសារត្រួសត្រាយផ្លូវ ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងគ្រប់ផ្នែក និងគ្រប់ស្រទាប់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ដោយផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ក្នុងការដ្ឋានសំខាន់ចំនួន៣រួមមានរដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។
ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា នៅក្នុងការអនុវត្តឯកសារជាយុទ្ធសាស្ត្រទាំងនេះ រាជរដ្ឋាភិបាលបានផ្តោតលើការបង្កើនមូលធនវិនិយោគ ការបន្ស៉ី និងការតម្រង់ទិសសកម្មភាពអាទិភាពជាប្រចាំ ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ព្រមទាំងការដោះស្រាយបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅអវិជ្ជមានដូចជាបទល្មើសសាយប័រ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, គម្លាតសមត្ថភាពចាប់យកបច្ចេកវិទ្យា និងគម្លាតធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ធៀបនឹងតម្រូវការអភិវឌ្ឍន៍។
ជាមួយគ្នានេះឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា មុខសញ្ញានៃការធ្វើបរិវត្តកម្មឌីជីថលបន្ត ដែលចាំបាច់ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍ និងធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាមានដូចជា ការបំពាក់ និងប្រើប្រាស់បច្ចេកវិទ្យាតាមក្រសួង-ស្ថាប័ន ដើម្បីពង្រឹងប្រតិបត្តិការការងារផ្ទៃក្នុងឱ្យប្រព្រឹត្តទៅលឿន រហ័ស មានគុណភាពខ្ពស់ និងជាពិសេសគាំទ្រដល់ការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងការកសាងក្របខណ្ឌគតិយុត្តដោយផ្អែកលើទិន្នន័យ ឬលើភស្តុតាងច្បាស់លាស់, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការលូតលាស់របស់អាជីវកម្ម ពង្រឹងការអនុវត្តច្បាប់ដោយសមភាពដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព និងសម្រួលដល់ការចាប់យកបច្ចេកវិទ្យាថ្មីៗ សំដៅបង្កើនផលិតភាពរបស់អាជីវកម្មទាំងនោះ និងការបំពាក់ជូនប្រជាជនទូទៅនូវជំនាញឌីជីថល ដែលមានតម្រូវការទីផ្សារ និងបង្កើនផលិតភាព និងគុណភាពការងារជាក់ស្តែងរបស់ពួកគេ៕
អត្ថបទ សោម ស្រីពេជ្រ