វិស័យពាណិជ្ជកម្ម

កម្ពុជា រំពឹងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ជួយជំរុញកំណើននាំចេញផលិតផលនេះទៅកាន់ទីផ្សារអឺរ៉ុប កាន់តែប្រសើរ


ក្រសួងពាណិជ្ជកម្ម និងសហភាពអឺរ៉ុប បានសហការគ្នារៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមមូលបទ«ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប» នៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់ឧស្សាហកម្មស្វាយចន្ទី និងម្រេច ដែលជាវិស័យសក្តានុពលរបស់កម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប។
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកជំនាញរំពឹងថា តាមរយៈវេទិកានេះ វានឹងជួយជំរុញឱ្យផលិតផលស្វាយចន្ទី និងម្រេចរបស់កម្ពុជា កាន់តែមានសក្តានុពលក្នុងការហក់ចូលទីផ្សារអឺរ៉ុប និងជួយពង្រឹងដល់ស្តង់ដាគុណភាពផលិតផលរបស់កម្ពុជា ផងដែរ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានចាត់ទុកវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ជាវេទិកាដ៏សំខាន់មួយក្នុងការជួយជំរុញ និងលើកកម្ពស់ផលិតផលស្វាយចន្ទី និងម្រេចរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ហើយវាស្របគ្នាជាមួយនឹងបរិបទ ដែលផលិតផលទាំងពីរប្រភេទនេះកំពុងក្លាយជាគ្រឿងទេសមានការពេញនិយមខ្លាំងនៅក្នុងម្ហូបអាហាររបស់អឺរ៉ុប។ បើតាមប្រធានសមាគមរូបនេះ វិនិយោគិនបរទេសកំពុងសម្លឹងឃើញកម្ពុជា និងជ្រើសរើសកម្ពុជា ជាមជ្ឈមណ្ឌលផលិតស្វាយចន្ទី និងម្រេចដ៏មានសក្តានុពលមួយ ហើយប្រសិនបើផលិតផលកម្ពុជា អាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើន វាក៏ជួយជំរុញដល់ការនាំចេញទៅកាន់ទីផ្សារដទៃទៀតនៅលើពិភពលោកផងដែរ តែយ៉ាងណាបច្ចុប្បន្ននេះការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនៅមានកម្រិតតិចតួចនៅឡើយ។

​​​​លោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត បានវាយតម្លៃថា តាមរយៈវេទិកាខាងលើនេះ វានឹងជួយជំរុញ និងលើកម្ពស់ស្តង់ដាសុវត្ថិភាពផលិតផលម្រេចកំពតរបស់កម្ពុជា ក្នុងការហក់ចូលទីផ្សារអឺរ៉ុប ឱ្យមានការកើនឡើងមួយកម្រិតទៀត បើទោះបីជាកន្លងមកផលិតផលម្រេចកំពតមានស្តង់ដាល្អក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបយ៉ាងណាក្តី។ បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ ម្រេចកំពតរបស់កម្ពុជា ប្រមាណជាង៧០% ត្រូវបាននាំចេញទៅលក់ក្នុងទីផ្សារសហភាពអឺរ៉ុប នាពេលបច្ចុប្បន្ននេះ និងរំពឹងអាចនាំចេញបានកាន់តែច្រើនថែមទៀត តាមរយៈវេទិកាពាណិជ្ជកម្មនេះ។

​​វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប»ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ វិនិយោគិនជាតិ និងអន្តរជាតិមកចែករំលែកចំណេះដឹងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការវិនិយោគលើការកែច្នៃ ដែលនឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទី និងម្រេចកម្ពុជា ព្រមទាំងឱកាសក្នុងការស្វែងរកកាលានុវត្តភាពទីផ្សារបន្ថែមទៅកាន់សហភាពអឺរ៉ុបផងដែរ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជា​ កំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិតទៅជាប្រទេស​ដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ និងផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ យ៉ាងណាមិញ តាមរយៈការសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្រសួងពាណិជ្ជកម្មកំពុងពង្រឹងបន្ថែមក្នុងការនាំចេញ ការធានាគុណភាព វិញ្ញាបនបត្រ និងប្រព័ន្ធតាមដានដំណើរការផលិតកម្ម ឱ្យស្របគ្នាទៅនឹងស្តង់ដាទីផ្សារអឺរ៉ុប៕




អត្ថបទបន្ទាប់


ព្រឹត្តិការណ៍ CAMFood & CAMHotel 2025 ប្រមូលផ្ដុំស្ដង់ពិព័រណ៌ ២៥០ស្ដង់ មកពី ៩ ប្រទេសនៅតំបន់អាស៊ី

ព្រឹត្តិការណ៍ CAMFood & CAMHotel 2025 ដែលបាននិងកំពុងរៀបចំឡើងនៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជា…

ការផ្អាកនាំចូលអង្កររបស់ប្រទេសធំៗមួយចំនួនកំពុងទាញទម្លាក់តម្លៃស្រូវនៅកម្ពុជា

ការផ្អាកការនាំចូលស្រូវ និងអង្កររបស់ប្រទេសធំៗមួយចំនួននៅក្នុងតំបន់អាស៊ាន ដូចជាវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី ជាដើម កំពុងទាញទម្លាក់តម្លៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ