លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ប្រេស៊ីល ជាកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការបើកទំព័រថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រទេសនៅទ្វីបអាម៉េរិកខាងត្បូង ដែលជាទីផ្សារដ៏ធំ និងមានតម្លៃខ្ពស់មួយនៅលើពិភពលោក។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីជួយស្រូបទាញភ្ញៀវទេសចរ កិច្ចសហការនេះ ក៏នឹងជួយជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ និងអាចឱ្យកម្ពុជារៀនសូត្រនូវបទពិសោធន៍ថ្មីៗពីប្រទេសប្រេស៊ីល ដែលមានផលិតផលទេសចរណ៍ចម្រុះ ដើម្បីយកមកអភិវឌ្ឍន៍នៅកម្ពុជា។ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែមានប្រសិទ្ធភាព អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាគួរជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងគ្នា និងបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់តំបន់នោះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមទេសចណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយរបស់កម្ពុជាក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយប្រទេសក្នុងទ្វីបអាម៉េរិកខាងត្បូង ដែលកន្លងមកកម្ពុជាបានមើលរំលងលើទីផ្សារដ៏មានសក្តានុពលនេះ ដូច្នេះវាជាឱកាសដែលកម្ពុជាត្រូវចាប់យក ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។
គួរជម្រាបថា កម្ពុជា និងប្រេស៊ីលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងប្រេស៊ីល កាលពីថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីជំរុញការផ្លាស់ប្តូរក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ តាមរយៈ MoU នេះ កម្ពុជាអាចធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ និងការបង្កើតនូវផលិតផលទេសចរណ៍ ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌដល់ទីផ្សារប្រេស៊ីល ដែលមានសក្តានុពលខ្ពស់ជាមួយប្រជាជនជាង២០០លាននាក់៕