វិស័យ​​ដឹកជញ្ជូន

អ្នកជំនាញរំពឹងវត្តមានកំពង់ផែដែលរាជរដ្ឋាភិបាល ទើបឱ្យសាងសង់ នឹងក្លាយជាកម្លាំងរុញច្រានការនាំចេញ និងទាក់ទាញការវិនិយោគ


ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែង និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនឱ្យកាន់តែទាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបង្កើតកំពង់ផែថ្មីៗចំនួន២បន្ថែមទៀត គឺកំពង់ផែកំពតឡូជីស្ទីក និងកំពង់ផែពហុបំណងកំពង់ឆ្នាំង។ ជាមួយនឹងសមត្ថភាពផ្ទេរផ្ទុកទំនិញសរុបប្រមាណ៥លានតោនក្នុងមួយឆ្នាំ អ្នកជំនាញរំពឹងថា សមិទ្ធផលថ្មីនេះនឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ក្នុងការជួយសម្រួលការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារពិភពលោក និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនមកកាន់កម្ពុជា។
វិស័យ​​ដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា តាមរយៈវត្តមានរបស់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង និងកំពង់ផែកំពតឡូជីស្ទីក ដែលទើបទទួលបានការអនុម័តឱ្យបង្កើតពីរាជរដ្ឋាភិបាល វានឹងក្លាយជាសមិទ្ធផលតភ្ជាប់ថ្មីបន្ថែមទៀតសម្រាប់ជួយលើកកម្ពស់វិស័យដឹកជញ្ជូននៅកម្ពុជា ដែលកំពុងមានតម្រូវការខ្ពស់។ អ្នកជំនាញរូបនេះរំពឹងថា នៅពេលកំពង់ផែថ្មីទាំង២នេះលេចចេញជារូបរាង វានឹងរួមចំណែកកាន់តែសំខាន់ថែមទៀតក្នុងការជំរុញការនាំចេញរបស់កម្ពុជា ពិសេសផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មតែម្តង។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជានៅតែមានតម្រូវការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថ្មីៗបន្ថែមទៀតទាំងកំពង់ផែ រួមទាំងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែកទៅកាន់ផ្លូវសមុទ្រផងដែរ។

ស្រដៀងគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានចាត់ទុកកំពង់ផែទាំងពីរនេះថា ជា សរសៃឈាមថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។ លោកបានបញ្ចាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺជាជម្រើសដ៏ឆ្លាតវៃបំផុត ព្រោះវាមានតម្លៃថោក និងអាចដឹកទំនិញបានក្នុងបរិមាណច្រើន។ វត្តមានកំពង់ផែទាំងនេះ មិនត្រឹមតែជួយសម្រួលការចរាចរទំនិញក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបើកផ្លូវតភ្ជាប់កម្ពុជាទៅកាន់ខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ ដែលជាមេដែកក្នុងការស្រូបទាញការវិនិយោគថ្មីៗ។

គួរជម្រាបថា កំពង់ផែថ្មីចំនួន២ដែលរាជរដ្ឋាភិបាលទើបចេញអនុក្រឹត្យឱ្យបង្កើតកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ រួមមានកំពង់ផែកំពតឡូជីស្ទីក ដែលមានទីតាំងស្ថិតនៅក្រុងបូកគោ ខេត្តកំពត និងមានសមត្ថភាពអាចឱ្យទំនិញចេញចូលឆ្លងកាត់ប្រមាណ៣លានតោនក្នុង១ឆ្នាំ និងកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានសមត្ថភាពអាចឱ្យទំនិញចេញចូលឆ្លងកាត់ចំនួនប្រមាណ២លានតោនក្នុង១ឆ្នាំ។ កំពង់ផែទាំងពីរនេះ អាចបម្រើសេវាឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចេញ-ចូល ផ្ទេរផ្ទុកនិងលើកដាក់ទំនិញទូទៅ រួមទាំងកុងគឺន័រនិងទំនិញចាក់ធារផងដែរ៕




អត្ថបទបន្ទាប់


កំពង់ដេវ៉ាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដើម្បីជំរុញចក្ខុវិស័យរបស់រមណីយដ្ឋានរួមបញ្ចូលគ្នានៅក្នុងខេត្តព្រះសីហនុ

រមណីយដ្ឋាន កំពង់ដេវ៉ា នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៦ បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដែលជាកីឡដ្…

តើតម្លៃជីគីមីនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់?

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែជំរុញឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ប៉ុណ្ណោះទេ ថែមទាំងកំពុងយ៉ាងធ្ងន់ធ្ងរដល់ឆ្នាំងបាយរបស់កសិករនៅតំបន់អា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ