ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស រំពឹងថា ប្រសិនបើបទឈប់បាញ់រវាងកម្ពុជា និងថៃអនុវត្តបានយូរអង្វែង នោះបណ្ដាប្រទេសជាដៃគូនានា អាចនឹងពង្រីកកិច្ចសហការសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែខ្លាំងបន្ថែមទៀត ដើម្បីស្ដារជីវភាពពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងគ្រោះ និងខូចខាតដោយសារជម្លោះព្រំដែនជាមួយថៃ។ បើតាមអ្នកជំនួញរូបនេះ នៅក្នុងអំឡុងពេល នៃការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ នាពេលកន្លងមក ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយអន្តរជាតិ នៅតែមានចរន្តជាធម្មតា និងមិនមានអ្វីប៉ះពាល់គួរឱ្យព្រួយបារម្ភនោះទេ។
ដោយឡែកលោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា នៅអំឡុងពេលដែលកម្ពុជា មានបញ្ហាប្រឈមជាមួយថៃ នៅប៉ុន្មានថ្ងៃកន្លងមកនេះ ដំណើរការដោះដូរពាណិជ្ជកម្មជាមួយអន្តរជាតិ ពុំមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ ជឿជាក់ថា នៅពេលតំបន់ព្រំដែនកម្ពុជា មានស្ថិរភាព នោះបណ្ដាប្រទេសជាដៃគូនានានឹងជួយស្ដារហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ដើម្បីឱ្យការអភិវឌ្ឍនៅតាមព្រំដែនមានស្ថិរភាពយូរអង្វែងលុះណាតែកម្ពុជា និងថៃ បញ្ចប់ជម្លោះ និងវិលមករកសន្តិភាពឡើងវិញ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាគួរកៀរគរបណ្ដាក្រុមហ៊ុនរបស់លោកខាងលិចឱ្យមកអភិវឌ្ឍ និងបោះទុនវិនិយោគនៅតាមតំបន់ព្រំដែន ព្រោះវាអាចជារបាំងសុវត្ថិភាពមួយសម្រាប់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា សង្រ្គាមនៅតាមព្រំដែនជាមួយថៃ កន្លងមកនេះ បានបង្កផលប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ និងបណ្ដាលឱ្យមានពលរដ្ឋស៊ីវិលស្លាប់៣២នាក់ និង៩៥ នាក់រងរបួស ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀតបានរងការខូចខាតធ្ងន់ធ្ងរ៕
អត្ថបទ៖ បូ ដូឡា